បរទេស៖ ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល នៅក្នុងប្រទេសមីយ៉ាន់ម៉ានោះមក សហគមន៍អន្ដរជាតិ ជាពិសេស អាស៊ានបាន និង កំពុងតែដាក់សម្ពាធយ៉ាងខ្លាំងទៅលើរបបយោធា ហើយលុបឈ្មោះមេដឹកនាំរបបយោធានេះចោល មិនឲ្យចូលរួមកិច្ចប្រជុំកំពូលរបស់អាស៊ាន។

លោកឧត្ដមសេនីយ៍ Min Aung Hlaing មេដឹកនាំរដ្ឋប្រហារយោធា និង ជាមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ថា មីយ៉ាន់ម៉ានឹងដោះលែងមនុស្សជាង ៥ ០០០ នាក់ ចេញពី​ពន្ធនាគារ។ អ្នកជាប់ឃុំឃាំងទាំងនោះ គឺដោយសារតែពួកគេ​បានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយរឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល។

លោកឧត្ដមសេនីយ៍ Min Aung Hlaing បានបញ្ជាក់ថា អ្នកទោស សរុប ៥ ​៦៣៦នាក់ នឹងត្រូវបានដោះលែង ដើម្បីប្រារព្ធពិធីបុណ្យ Thadingyut នៅចុងខែតុលា ឆ្នាំ២០២១។ ការដោះលែងអ្នកទោសនេះ បានកើតឡើង ពោលប៉ុន្មានថ្ងៃ បន្ទាប់ពីលោកត្រូវបានគេដកចេញ ពីកិច្ចប្រជុំកំពូលអាស៊ាន ជុំវិញការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយសន្ដិភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

បើតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) បានបញ្ជាក់ថា  ​​ចាប់តាំងពីរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន់ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក របបយោធាភូមា បានសម្លាប់​ជនស៊ីវិលជាង ១ ១០០នាក់ ហើយក្រុមអ្នកតវ៉ាជាង ៨ ០០០នាក់  ត្រូវបានចាប់ខ្លួន​៕