រាជធានីភ្នំពេញ៖ មានវីដេអូកាន់តែច្បាស់មួយទៀតដែលបង្ហាញពីករណីមនុស្សប្រុស​ ស្រីចំនួន៣នាក់បានស្លាប់យ៉ាងអាណោចអាធ័ម រណូករណែលនៅតាមចិញ្ចើមផ្លូវនៅនឹងកន្លែងកើតហេតុ និងមនុស្សប្រុសស្រី៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់ពីមានបុរសម្នាក់ទៀតបើករថយន្តធុនត្រាមួយគ្រឿងក្នុងល្បឿនលឿនដូចហោះហើយបុករះគ្មានប្រណី។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃទី១៦ ខែតុលាឆ្នាំ២០២១ នៅខាងលិចសួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញប្រុសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្ដធុនត្រាពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AG-7060 ធ្វើដំណើរទិសពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ។ លុះមកដល់កន្លែងកើតហេតុខាងលើ បានរេចង្កូតមកខាងស្ដាំដៃឡើងលើចិញ្ចើមផ្លូវបុករះម៉ូតូ រទេះលក់សាច់គោះដុតនិងផ្ទះប្រជាពលរដ្ឋក៏ដូចជាស្លាកសញ្ញាចរាចរណ៍ បណ្ដាលឲ្យដួលនិងបែកបាក់រាយពេញផ្លូវ និងសម្ភារមួយចំនួនទៀតរងការខូចខាត ចំណែកមនុស្សប្រុសស្រី៦នាក់ដែរកំពុងឈរនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យមនុស្សប្រុសស្រី៣ នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកប្រុសស្រី៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ បានចុះអន្តរាគមន៍ធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក និងរថយន្តយកទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ច បញ្ជក់ថា អ្នកបើករថយន្តបង្ក មានឈ្មោះ ហៃ វិចិត្រា បើកបរក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង ហើយសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅម៉ោង៣រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ៕