បន្ទាប់ពីចាកចេញពីប្រទេសបារ៉ែនទៅដល់ប្រទេសជប៉ុន កាលពីចុងសប្តាហ៍ថ្មីៗនេះ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) បានចាប់ផ្តើមហ្វឹកហាត់បង្កើនបច្ចេកទេស ដើម្បីត្រៀមការប្រកួតជម្រុះក្នុងពូល K នៃពានរង្វាន់ជើងឯកក្រោមអាយុ២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី (AFC U23 Asian Cup 2022)។

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ កំពុងហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហាត់បាល់ទាត់របស់ប្រទេសជប៉ុន ត្រៀមខ្លួនរួចរាល់សម្រាប់ការហ្វឹកហាត់ ដោយនៅក្នុងពូល K នេះមាន៣ក្រុម គឺកម្ពុជា ហុងកុង និងក្រុមម្ចាស់ផ្ទះ ជប៉ុន។ សម្រាប់កម្មវិធីប្រកួត ក្រុមជម្រើសជាតិកម្ពុជាត្រូវជួបប្រកួតជាមួយក្រុមហុងកុង វេលាម៉ោង ១១ព្រឹក (ម៉ោងនៅកម្ពុជា) នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ និង១ប្រកួតចុងក្រោយប៉ះក្រុមម្ចាស់ផ្ទះ ជប៉ុន នាវេលាម៉ោង១១ព្រឹកដូចគ្នា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន J-Village ដូចៗគ្នា។

សូមបញ្ជាក់ថា សម្រាប់វគ្គជម្រុះនេះ មានក្រុមចូលរួមសរុបចំនួន៤១ក្រុម នៃទ្វីបអាស៊ី ដោយបែងចែកជា១១ពូល ដែលការប្រកួតជម្រុះនេះនឹងត្រូវធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២១ ហើយក្រុមចំណាត់ថ្នាក់លេខ១ នៃពូលទាំង១១ ស្មើនឹង១១ក្រុម និងក្រុមចំណាត់ថ្នាក់លេខ២ ល្អបំផុតចំនួន ៤ក្រុមផ្សេងទៀត (សរុប១៦) ក្រុមនឹងត្រូវបានឡើងទៅប្រកួតជម្រុះជុំផ្តាច់ព្រ័ត្រ នាឆ្នាំ២០២២ នៅប្រទេសអ៊ូសបេគីស្ថាន៕