រាជធានីភ្នំពេញ៖ នាមុននេះបន្តិចតារាកំប្លែងល្បីឈ្មោះអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បានប្រកាសថាខ្លួនបានក្ស័យធន និងជំពាក់ប្រាក់គេជាង៥០ម៉ឺនដុល្លារ ហើយគ្មានលទ្ធភាពសងបំណុលគេនោះឡើយ។ តារាកំប្លែងរូបនេះបានធ្វើដំណើរមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើពាក្យបណ្តឹងមួយថានាងបានក្ស័យធនហើយ និងសុំអង្វរដល់ម្ចាស់បំណុលទាំងអស់ពន្យាពេលអោយនាងដើម្បីរកប្រាក់ដោះបំណុលទាំងនោះ។

ជាក់ស្ដែងនាងខ្ញុង បានរៀបរាប់នៅក្នុងវិដេអូ Live របស់ខ្លួនថា៖ «នាងខ្ញុំពិតជាបានខ្ចីបំណុលម្ចាស់បំណុលជាច្រើនទាំងមានសែត គ្មានសែត នាងខ្ញុំពិតជាអស់លិទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។ នាងខ្ញុំមានតែត្រូវជាប់ពន្ធនាគារដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ។ ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូប សូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយអនុគ្រោះផ្តល់ជូនខ្ញុំ 1 ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុននិងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី ABA: 077333353 Sreng Sokanda»។

យ៉ាងណាមិញនៅក្នុងការឡាយវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះដែរ អ្នកនាងខ្ញុង ក៏បានរៀបរាប់ពីដើមហេតុដំបូងដែលនាំឲ្យឈានដល់ការជំពាក់គេវ័ណ្ឌករ ដោយពីដំណើរដើមទងនោះអ្នកនាបានខ្ចីលុយគេមករកស៊ី ក្រោយពេលដែលរកស៊ីរាងកាក់កបបន្តិចបន្តួចអ្នកនាងមិនបានយកលុយចំណេញនោះទៅបង្វិលសងម្ចាស់បំណុលវិញទេ គឺអ្នកនាងបានយកលុយទៅទិញសម្ភារនិយម ដើម្បីលើកមុខមាត់កិត្តិយសរបស់ខ្លួនឲ្យអ្នកផងមើលមកល្អ តែយូរៗទៅលុយដើមនៅតែមិនទាន់សង ហើយការប្រាក់ចេះតែកើន អ្នកនាងក៏សម្រេចទៅខ្ចីអ្នកនេះ អ្នកនោះបន្តទៀត រហូតឈានដល់ការខ្ចីលុយចិនអនឡាញ ដោយការខ្ចីនេះគឺមានការប្រាក់រហូតដល់ទៅ៥០ភាគរយ ដែលយើងអាចនិយាយបានថាអារកហុតឈាមតែម្ដង ៕