រដ្ឋធានីញូវដេលី៖ ភ្លៀងបានវាយប្រហារមកយ៉ាងខ្លាំង បង្កឲ្យកើតមាន គ្រោះ​ទឹកជំនន់ និង រអិលបាក់ដី  បានសម្លាប់មនុស្សយ៉ាងតិច២៦នាក់ នៅ​ក្នុងរដ្ឋ Kerala នាភាគខាងត្បូង ប្រទេសឥណ្ឌា នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១នេះ។​

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី១៨ ខែតុលា ថា ភ្លៀង​បានវាយប្រហារយ៉ាងខ្លាំងទៅលើរដ្ឋ Kerala ចាប់តាំង​ពីថ្ងៃទី១៦ ខែតុលា ខណៈមកទល់នឹងពេលនេះ ភ្លៀងនៅតែបន្តធ្លាក់​។ គ្រោះធម្មជាតិនេះ បានបង្កឲ្យមានទឹកជំនន់ជន់លិចតំបន់ជាច្រើន ធ្វើឲ្យមនុស្សរាប់សិបនាក់ ត្រូវ​រាយការណ៍ថា បានបាត់ខ្លួន។ ចំណែក​ក្រុមអ្នកជួយសង្រ្គោះ ក្នុងនោះ​មានទាំងយោធាផង ក៏កំពុងតែបន្តប្រតិបត្តិការ ជួយសង្គ្រោះ និងស្វែងរកអ្នកបាត់ខ្លួន។

​បើតាមអាជ្ញាធរឥណ្ឌា បានឲ្យដឹងថា  នៅក្នុងចំណោមជនរងគ្រោះទាំងនោះ ភាគច្រើនបានស្លាប់ ដោយសារការរអិលបាក់ដី។បើតាម​មន្ត្រីឧតុនិយម បានអះអាងថា ភ្លៀងនៅតែបន្ដធ្លាក់ខ្លាំង ដោយសារសម្ពាធទាប មកពីតំបន់សមុទ្រអារ៉ាប់៕