បរទេស៖ ស្របពេល សហរដ្ឋអាមេរិក បានរកឃើញថ្នាំគ្រាប់ សម្រាប់លេបព្យាបាលជំងឺកូវីដ-១៩ ធ្វើឲ្យបណ្ដាប្រទេសនានា នៅក្នុងទ្វីបអាស៊ី កំពុងតែប្រញាប់ប្រញាល់ដណ្ដើមគ្នាបញ្ជាទិញ ហើយបញ្ហានេះ ធ្វើឲ្យប្រទេសក្រីក្រ អាចនឹងខកខាន មិនមានលទ្ធភាពទិញឱសថនេះ ដូចករណីការទិញវ៉ាក់សាំងកូវីដ​ដែរ។​

បើតាមសារព័ត៌មាន CNN បានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ថា ក្នុងអំឡុងពេលមានការប្រជែងគ្នាជាសកល ដើម្បីទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩នោះ បណ្ដាប្រទេសជាច្រើន នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានការ​យឺតយ៉ាវ ក្នុងការទិញវ៉ាក់សាំង ហើយ​លើកនេះ បណ្ដាប្រទេសទាំងនេះ នឹងមិនឲ្យមានកំហុសដូចមុនឡើយ។ បច្ចុប្បន្ននេះ បណ្ដាប្រទេសជាច្រើន នៅទូទាំងតំបន់អាស៊ី កំពុងតែប្រញាប់ប្រញាល់បញ្ជាទិញអាវុធចុងក្រោយ សម្រាប់ប្រឆាំងនឹងកូវីដ-១៩ គឺថ្នាំគ្រាប់ សម្រាប់លេបព្យាបាលជំងឺដ៏កាចសាហាវនេះ បើទោះជា​ឱសថនេះ មិនទាន់មានការទទួលស្គាល់ជាផ្លូវការ ពីរដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក ហៅកាត់ FDA យ៉ាងណាក្ដី។​

ថ្នាំគ្រាប់ Molnupiravir ជាឱសថលេប សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនឱសថរបស់សហរដ្ឋអាមេរិក ឈ្មោះ «Merck» ។ ឱសថនេះ ​ត្រូវបានគេប្រកាសថា ជាអ្នកផ្លាស់ប្តូរជំងឺរាតត្បាតដ៏មានសក្តានុពល ជាពិសេស សម្រាប់អ្នក​មិនអាចទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩បាន។

បច្ចុប្បន្ន ក្រុមហ៊ុន Merck កំពុងស្វែងរកសុំការអនុញ្ញាត ពី​រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) សម្រាប់ការប្រើប្រាស់ជាបន្ទាប់ ដើម្បីព្យាបាលជំងឺកូវីដ-១៩។ ​ប្រសិនបើ FDA ទទួលស្គាល់នោះ ​គឺ Molnupiravir ក្លាយជាថ្នាំ​គ្រាប់ សម្រាប់​លេ​បព្យាបាល ប្រឆាំងនឹងជំងឺកូវីដដំបូងគេបំផុត នៅលើពិភពលោក។ ​ Molnupiravir មានប្រសិទ្ធភាព ទប់ទល់នឹងជំងឺកូវីដ-១៩ ប្រហែល៥០ភាគរយ មិនឲ្យអ្នកជំងឺ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ឬស្លាប់ ហើយអ្វីដែលប្រសើរបំផុតនោះ គឺអ្នកជំងឺអាចសម្រាប់ព្យាបាល នៅតាមផ្ទះ​ថែមទៀតផង៕​