រដ្ឋធានីកាប៊ូល៖ ក្នុងរយៈពេលត្រឹមតែ១សប្ដាហ៍ មានការវាយប្រហារគ្រាប់បែកអត្ដឃាត នៅក្នុងព្រះវិហារអ៊ិស្លាម ចំនួន២កន្លែងផ្សេងគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស សរុបជិត២០០នាក់។

សារព័ត៌មាន Al Jajazeera  បានចេញផ្សាយ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ថា ក្រុមបំផ្ទុះគ្រាប់បែកអត្ដឃាត ចំនួន៤នាក់ បាន​វាយប្រហារទៅលើ​អ្នកគោរពបូជាព្រះ បណ្ដាលឲ្យមានមនុស្ស យ៉ាងតិច៣២នាក់ បាត់បង់ជីវិត និង ៤២នាក់ផ្សេងទៀត ​រងរបួស កាលពីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅក្នុង​វិហារអ៊ិស្លាម Bibi Fatima និកាយស៊ីអា (Shia) ស្ថិតក្នុងទីក្រុងកាន់ដាហារ (Kandahar) នាភាគខាងត្បូង ប្រទេសអាហ្វហ្គានីស្ថាន។

​ ​មន្រ្ដីសុខាភិបាលសាធារណៈរបបតាលីបង់ បានបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកអត្ដឃាត នៅក្នុង​វិហារអ៊ិស្លាមនិកាយស៊ីអា នាភាគខាងត្បូង ទីក្រុងកាន់ដាហារ បានសម្លាប់មនុស្សយ៉ាងតិច៣២នាក់ និង ៤៥នាក់ផ្សេងទៀត រងរបួស។ ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀល ថ្ងៃសុក្រ ទី១៥ ខែតុលា នៅក្នុង​វិហារ Bibi Fatima ជា​វិហារអ៊ិស្លាមដ៏ធំបំផុត សម្រាប់អ្នកគោរពបូជានិកាយស៊ីអា ស្ថិតក្នុងទីក្រុងកាន់ដាហារ។​

លោក Sayed Khosti អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ នៃរបបតាលីបង់ បានបញ្ជាក់ នៅលើ​ធ្វីធើរថា «យើងពិតជាមានការសោកស្តាយខ្លាំងណាស់ ក្រោយពេល​​បានទទួលដំណឹងមកថា មានការបំផ្ទុះគ្រាប់បែកអត្ដឃាតមួយ បានកើតឡើង នៅក្នុងវិហារអ៊ិស្លាម ជាភាតរភាពស៊ីអា នៅក្នុងស្រុកទី១ នៃទីក្រុងកាន់ដាហារ ដែលបណ្ដាលឲ្យជនរួមជាតិរបស់យើងមួយចំនួន ​ស្លាប់ និងរងរបួសជាច្រើននាក់​។ ចំណែកកម្លាំងពិសេសរបស់តាលីបង់ ក៏បានទៅដល់ទីនោះ ក្រោយពេលកើតហេតុភ្លាមៗ ដើម្បីកំណត់​ពីលក្ខណៈ នៃឧបទ្ទវហេតុនេះ និងនាំជនល្មើសមកកាត់ទោស។​

បើតាមសាក្សីម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា គាត់បានឮការបំផ្ទុះ ចំនួន៣លើក គឺទី១-ឮសំឡេងបំផ្ទុះនៅមាត់ទ្វារធំ នៃព្រះវិហារ ទី២-ឮសំឡេងបំផ្ទុះ នៅខាងត្បូងវិហារ និងទី៣-ឮសំឡេងបំផ្ទុះ នៅកន្លែងដែលមានអ្នកអធិដ្ឋានកំពុងធ្វើពិធី។​ក្រុមបំផ្ទុះគ្រាប់បែកចំនួន៤នាក់ ក្នុងនោះអ្នកបំផ្ទុះគ្រាប់បែកអត្ដឃាត២នាក់ បានវាយប្រហារ នៅខ្លោងទ្វារសន្ដិសុខ និង២នាក់ផ្សេងទៀត បានរត់ចូលទៅបំផ្ទុះគ្រាប់បែក នៅខាងក្នុងព្រះវិហារ និង វាយប្រហារទៅលើអ្នកគោរពបូជាព្រះ ខណៈមានអ្នកចូលរួមចំនួន៥០០នាក់ កាលពីថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១។​​

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយ ចេញមុខមកអះអាងទទួលខុសត្រូវនោះឡើយ។ ប៉ុន្ដែការវាយប្រហារ កាលពីសប្ដាហ៍មុន បានបណ្ដាលឲ្យមនុស្ស​ស្លាប់ និង របួស ជាង១០០នាក់ នៅក្នុងវិហារអ៊ិស្លាមនិយកាយស៊ីអា ស្ថិតនៅភាគខាងជើង ខេត្ត Kundus  ត្រូវបាន​ក្រុមរដ្ឋអ៊ិស្លាម ស្ថិតក្នុងខេត្ដ Khorasan  ហៅកាត់ ISKP (ISIS-K) បានចេញមុខ អះអាងទទួលខុសត្រូវ៕​​