ភ្នំពេញ៖ ​មានករណីហួសចិត្តមួយបានកើតឡើង បង្កជាចម្ងល់ពីសំណាក់ប្រិយមិត្ត KBN ម្នាក់ បានទូរស័ព្ទមកប្រាប់ថា នៅរសៀលថ្ងៃទី ១៥ ខែតុលា​ ឆ្នាំ ២០២១​ នេះ មានប៉ូលិសចរាចរណ៍ប្រចាំការនៅចំណុចផ្លូវជាតិលេខ៤ ឃុំអូបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ (ហួសអាស្រមលោកយាយម៉ៅបន្តិច បើធ្វើដំណើរពីរាជធានីភ្នំពេញ) បានឃាត់រថយន្តមួយគ្រឿងម៉ាក KIA​​ Morning (ប្រភេទគ្រួសារ) ពីបុគ្គលិកឃ្លាំងលក់រថយន្តមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលបានបើកបរយករថយន្តទៅឱ្យអតិថិជននៅខេត្តព្រះសីហនុ ដោយចោទប្រកាន់ថា រថយន្តមិនមានស្លាកលេខ និងទាមទាររកឯកសារច្បាប់ដើម ។

ប្រភពពីម្ចាស់ឃ្លាំងរថយន្តផ្ទាល់ (សុំមិនបង្ហាញឈ្មោះ) បានបញ្ជាក់ជាមួយ KBN តាមរយៈទូរស័ព្ទមុននេះថា នារសៀលថ្ងៃទី ១៥ ខែតុលា​ ឆ្នាំ ២០២១​ នេះ ខ្លួនបានបង្គាប់ឱ្យបុគ្គលិកបើករថយន្ត ម៉ាក KIA​​ Morning (ប្រភេទគ្រួសារ) ទៅឱ្យអតិថិជននៅខេត្តព្រះសីហនុ ដែលទើបតែទិញបង់រំលស់ជាមួយឃ្លាំងរបស់ខ្លួនកាលពីថ្ងៃទី ១៤ ខែតុលា ម្សិលមិញនេះ ទាំងដែលរថយន្តនោះមិនទាន់មានស្លាកលេខនៅឡើយ ហើយសម្រាប់ឯកសារច្បាប់ដើមត្រូវបានតម្កល់ទុកនៅធនាគារ ។ ប៉ុន្តែធនាគារបានចម្លងឯកសារសព្វគ្រប់ សម្រាប់សម្រួលដល់អតិថិជនទាំងអស់រួចរាល់ហើយ ។

ប្រភពបានបន្តថា ដល់ចំណុចខាងលើ ស្រាប់តែប៉ូលិសចរាចរប្រចាំការនៅទីនោះ បានចេញមកឃាត់ទុករថយន្ត ដោយទាមទាររកតែឯកសារច្បាប់ដើម ពោលគឺមិនទទួលស្គាល់ឯកសារចម្លងឡើយ ទាំងដែលដឹងរួចទៅហើយថា ជារថយន្តបង់រំលស់ (មិនមានឯកសារច្បាប់ដើមដាក់តាមខ្លួន) ហើយថែមទាំងទើបតែទិញបានមួយថ្ងៃ តើទៅរកស្លាកលេខឯណាមកដាក់បាន?

យ៉ាងណាមិញ ក្រោយពីបានប្រកែកតវ៉ាអស់រយៈពេលប្រហែលជាង ២ម៉ោង រវាងបុគ្គលិកបើកបររថយន្តឃ្លាំងលក់រថយន្ត ជាមួយប៉ូលិសចរាចរ ស្រាប់តែប៉ូលិសចរាចរ បានសម្រេច ប្ដូរបទល្មើសពីរថយន្តអត់ស្លាកលេខ ទៅជាបើករថយន្តនិយាយទូរស័ព្ទវិញ ទាំងដែលជាក់ស្ដែងអ្នកបើកបររថយន្តមិនបាននិយាយទូរស័ព្ទឡើយ ។ ការប្ដូរបទល្មើសនេះ ប៉ូលិសចរាចរប្រចាំការនៅទីតាំងខាងលើបាននិយាយថា “បើមិនចង់អស់លុយច្រើនទេ ពិន័យលើការនិយាយទូរស័ព្ទវិញទៅ អស់តែ ១២០,០០០ រៀលប៉ុណ្ណោះ” ។

ប្រភពពីម្ចាស់ឃ្លាំងរថយន្តដដែលបានបន្ថែមទៀតថា ដោយសារតែមេឃជិតងងឹត​ ហើយមិនចង់ប្រកែកតវ៉ាវែងឆ្ងាយផង បុគ្គលិកខ្លួនក៏បានបង់ប្រាក់ផាកពិន័យចំនួន ១២ម៉ឺនរៀល ក្នុងបទល្មើសបើកបរនិយាយទូរស័ព្ទ។ តែយ៉ាងណាចំពោះការផ្លាស់ប្ដូរបទល្មើសនេះម្ចាស់ឃ្លាំងរថយន្តមិនសប្បាយចិត្តនឹងទទួលយកឡើយហើយនៅតែអះអាងថា ដោយសារប៉ូលិសរកចំណុចចាប់កំហុសមិនបាន រួចក៏ផ្លាស់ប្ដូរបទល្មើសតាមចិត្ត ដើម្បីឱ្យបុគ្គលិកខ្លួនទទួលស្គាល់បទល្មើសផ្សេងទៀត នឹងអាលបានផាកពិន័យស្របច្បាប់ និងមិនអាចប្រកែកតវ៉ាបាន។

សូមបញ្ជាក់ថា​ ករណីនេះម្ចាស់ឃ្លាំងលក់រថយន្តខាងលើ បានធ្វើដំណើរទៅដោះស្រាយ រកយុត្តិធម៌ដោយផ្ទាល់ តែទៅមិនទាន់ ដោយសារពេលផាកពិន័យរួច ប៉ូលិសក៏បានបញ្ជារឱ្យបុគ្គលិកបើករថយន្ត KIA​​ Morning នោះចាកចេញជាប្រញ៉ាប់ដោយថា ជិតដល់ម៉ោងសម្រាក ។

ជុំវិញករណីខាងលើ KBN នៅមិនទាន់សុំការបញ្ជាក់ពីសំណាក់​មន្ត្រីជំនាញចរាចរស្រុកកំពង់សិលា បានឡើយ ដូច្នេះសូមមន្ត្រីជំនាញជួយបកស្រាយផង តើការផ្លាស់ប្ដូបទល្មើសចរាចរដូចខាងលើនេះត្រឹមត្រូវដែរឬទេ?

ដោយ៖ សហការី KBN