រដ្ឋធានីកាប៊ូល៖ ក្រោយពេលផ្ដួលរលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ​ឡើងគ្រប់គ្រងអំណាចឡើងវិញ នៅលើទឹកដីអាស៊ីកណ្ដាលមួយនេះ​រួចមក តាលីបង់ នៅតែបន្ដបិទទ្វារសាលារៀន ដោយមិនអនុញ្ញាតឲ្យក្មេងស្រី ជាង២លាននាក់ បានចូលសិក្សាបន្ដទៀត។

បើតាមសារព័ត៌មាន Al Jazeera  បានចេញផ្សាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ថា កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ របបគ្រប់គ្រងរបស់តាលីបង់ បច្ចុប្បន្ន បានប្រកាស ថា សាលារៀនទាំងអស់​ នឹងបើកដំណើរការរៀនសូត្រឡើងវិញ។ ប៉ុន្ដែការចូលរៀនឡើងវិញនេះ គឺបានតែសម្រាប់សិស្សប្រុសគ្រប់វ័យទាំងអស់ ដោយលើកលែងតែសិស្សស្រីថ្នាក់អនុវិទ្យាល័យ។ សកម្មភាពរបស់តាលីបង់ នាពេលនេះ កំពុងតែបង្កឲ្យកើត​ជាសំណួរចោទសួរឡើង អំពីគោលនយោបាយរបស់ក្រុមប្រដាប់អាវុធក្បាលរឹងមួយនេះ អំពីសិទ្ធិសិក្សារបស់ស្រ្ដី។

កញ្ញា Rahela Nussrat អាយុ១៧​ឆ្នាំ ជាអ្នករស់នៅទីក្រុងកាប៊ុល បានបញ្ជាក់ថា ឆ្នាំនេះ ជាថ្នាក់បញ្ចប់ នៃវិទ្យាល័យរបស់នាង។ ប៉ុន្ដែនាងមិនអាចចូលរៀនបាន​។ នាងកំពុងតែបាត់បង់សិទ្ធិរៀនសូត្ររបស់នាង ក្រោយការដួលរលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។​​

កញ្ញា Rahela Nussrat ជាសិស្សវិទ្យាល័យម្នាក់ បានប្រាប់ដល់អ្នករាយការណ៍ព័ត៌មាន Al Jazeera ថា «ការ​អប់រំជា​សិទ្ធិមូលដ្ឋានដ៏សំខាន់បំផុតមួយរបស់មនុស្ស ប៉ុន្តែសព្វថ្ងៃនេះ សិទ្ធិជាមូលដ្ឋាននេះ ត្រូវបានពួកតាលីបង់ ដកហូត​ចេញពីនាង ក៏ដូចជា ក្មេងស្រីអាហ្វហ្គានីស្ថានរាប់លាននាក់ផ្សេងទៀតដែរ»។​

ដោយឡែក របបតាលីបង់ វិញ បានអះអាងថា «បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព គឺចាំបាច់សម្រាប់​ស្រ្ដីដែលមានអាយុច្រើន អាចនឹងវិលត្រឡប់ទៅកាន់សាលារៀនវិញបាន។ សាលារៀន នឹងបើកឡើងវិញ តាមតែអាចធ្វើទៅបាន ក្នុងពេលដ៏ឆាប់ៗនេះ»។ ​

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ពួកតាលីបង់ នៅ​មិនទាន់បាន​កំណត់ពេលវេលាឲ្យច្បាស់លាស់នៅឡើយ សម្រាប់សាលារៀនឲ្យក្មេងស្រីបានចូលឡើងវិញ។ អាហ្វហ្គានីស្ថាន បានតស៊ូយ៉ាងលំបាក ដើម្បីអូសទាញស្រ្ដី ឲ្យវិ​លទៅចូលសិក្សា នៅក្នុងអំឡុងពេលគ្រប់គ្រង ដោយរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន ​គាំទ្រ ដោយលោកខាងលិច។ ​

បើតាមការសិក្សា (PDF) នៅក្នុងឆ្នាំ២០១៥ រៀបចំឡើង សម្រាប់ UNESCO តាមរយៈវេទិកាអប់រំពិភពលោក (World Education Forum) បានឲ្យដឹងថា សាលារៀន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជិត៥០ភាគរយ ខ្វះខាតអគាសិក្សា។​ បច្ចុប្បន្ននេះ ក្មេងស្រី​អាហ្វហ្គានីស្ថាន ជាង២,២លាននាក់ មិនអាចចូលរៀនបាន ដូចពីឆ្នាំមុនទេ ពោលគឺ៦០ភាគរយ នៃកុមារី សរុប ដែលមិនបានទៅសាលារៀន នៅទូទាំងប្រទេស។​

ទោះជាយ៉ាងណា ក្រោយការផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះ តាលីបង់ នៅតែមិនមានភាពច្បាស់លាស់ ក្នុងការបើក​អនុវិទ្យាល័យឡើងវិញ។ ករណីនេះ កំពុងតែ​បង្កជាបញ្ហា និង ធ្វើឲ្យ​ប៉ះទង្គិចដល់អារម្មណ៍របស់ក្មេងស្រីអាហ្វហ្គានីស្ថាន រាប់លាននាក់ ជាពិសេស ក្រុមគ្រួសារ ដែលតែងតែគិតថា ក្រោយការបញ្ចប់សង្គ្រាម ប្រទេសអាចវិលត្រឡប់ទៅរកជីវភាពធម្មតាឡើងវិញ។

តាលីបង់ ធ្លាប់គ្រប់គ្រងអំណាច នៅលើទឹកដីអាហ្វហ្គានីស្ថាន ចន្លោះពីឆ្នាំ១៩៩៦-២០០១ មុនពេលសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត បានលើកកងទ័ព វាយចូលលុកលុយ និងបណ្ដេញចេញពីអំណាច។ នៅក្នុងរបបគ្រប់គ្រងរបស់តាលីបង់ នាពេលនេះ បានប្រព្រឹត្តអំពើឃោរឃៅ និងដាក់បម្រាមយ៉ាងតឹងតែងបំផុត ជាពិសេស ទៅលើស្រ្ដី។ ស្រ្ដីអាហ្វហ្គានីស្ថាន មិនត្រូវបានអនុញ្ញាតឲ្យចូលរៀន ហើយការចេញទៅណាឆ្ងាយពីផ្ទះ ត្រូវមានសាច់ញាតិជាបុរសទៅជាមួយ។ ប្រសិនបើល្មើសនឹងប​ម្រាបរបស់ពួកគេ ស្រ្ដីអាហ្វហ្គានីស្ថាន ត្រូវរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ហើយករណីខ្លះ អាចនឹងត្រូវគេដាក់ទណ្ឌកម្ម ដោយគប់នឹងដុំថ្ម រហូតដល់ស្លាប់ក៏មានដែរ។

ការហាមឃាត់ស្រ្ដី មិនឲ្យចូល​សិក្សាបែបនេះ ធ្វើឲ្យពលរដ្ឋអាហ្វហ្គានីស្ថាន តែងតែគិតថា តាលីបង់ អាចនឹងយកច្បាប់ដ៏ព្រៃផ្សៃ កាលពី២០ឆ្នាំមុន មកអនុវត្ដបន្ដទៀត។ បច្ចុប្បន្ន ស្រ្ដីអាហ្វហ្គានីស្ថាន កំពុងតែចាប់ផ្ដើម បាត់បង់សិទ្ធិសិក្សារបស់ពួកគេ ក្រោយការដួលរលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១៕