រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការបិទខ្ទប់ប្រទេស អស់រយៈពេល១៩ខែ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩  ហើយស្របពេលក្រុមហ៊ុន Merck  រកឃើញថ្នាំគ្រាប់ សម្រាប់លេបព្យាបាលជំងឺដ៏កាចសាហាវនេះផង សហរដ្ឋអាមេរិក បានសម្រេចប្រកាស នឹង​បើកព្រំដែនគោកឡើងវិញ នៅខែវិច្ឆិកា ខាងមុខនេះ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

​សារព័ត៌មាន Manila Times បានចេញផ្សាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក នឹងបើកព្រំដែនគោករបស់ខ្លួនឡើងវិញ ​​នៅខែក្រោយនេះ។ នេះជាការ​សម្រេច បិទបញ្ចប់ការបិទខ្ទប់ប្រទេស ដែលបានអូសបន្លាយ អស់រយៈពេល១៩ខែ ដើម្បីទប់ស្កាត់​ការរីករាលដាល ពីជំងឺកូវីដ-១៩។ ប៉ុន្ដែទោះជាយ៉ាងណា សហរដ្ឋអាមេរិក ​តម្រូវឱ្យភ្ញៀវអន្តរជាតិទាំងអស់ ​ចាំបាច់ត្រូវតែចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ទើបអាចចូលមកកាន់ប្រទេសរបស់ខ្លួនបាន។​​

ការធ្វើដំណើរតាមរថយន្ដ ផ្លូវដែក និងសាឡង់ រវាងសហរដ្ឋអាមេរិក និងកាណាដា ហើយម៉ិកស៊ិក ត្រូវបានរឹតបន្ដឹងយ៉ាងខ្លាំង ចំពោះការធ្វើដំណើរសំខាន់ៗ ដូចជា ពាណិជ្ជកម្ម ចាប់តាំងពីថ្ងៃដំបូង នៃការរីករាលដាល ពីជំងឺរាតត្បាត។ ប៉ុន្ដែបទបញ្ជាថ្មីនេះ ត្រូវបានប្រកាស នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នឹងអនុញ្ញាតដល់ជនបរទេសទាំងអស់ ដែលបានចាក់វ៉ាក់សាំងរួចរាល់ហើយ អាចចូលមកកាន់ទឹកដីសហរដ្ឋអាមេរិកបាន ដោយមិនគិតពីហេតុផល សម្រាប់ការធ្វើដំណើររបស់ពួកគេ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១តទៅ។​

បច្ចុប្បន្ន ក្រៅពីក្រុមហ៊ុនល្បីៗចំនួន៣ រួមមាន ក្រុមហ៊ុន Pfizer, Moderna និង​ Johnson & Johnson ដែលបានបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ-១៩នោះ ​ក៏នៅមានក្រុមហ៊ុនអាមេរិក ចំនួន២ផ្សេងទៀត បានសហការគ្នាបង្កើតថ្នាំគ្រាប់ សម្រាប់លេបព្យាបាលជំងឺកូវីដ-១៩។ ប៉ុន្ដែក្រោយពេលសាកល្បង​ ដោយជោគជ័យ នៅក្នុងដំណាក់កាលទី៣រួចមក ក្រុមហ៊ុន Merck ​និង Ridgeback ជាដៃគូសហការ ​បានដាក់ពាក្យស្នើសុំទៅកាន់រដ្ឋបាលចំណីអាហារ និង ឱសថ (FDA) របស់សហរដ្ឋអាមេរិក ដើម្បីពិនិត្យ និងអនុម័តដាក់ឲ្យប្រើប្រាស់ ក្នុងគ្រា​បន្ទាន់។

ក្រុមហ៊ុន Merck បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ថា ​ក្រុមហ៊ុនរបស់ខ្លួន ​ និង ក្រុមហ៊ុន Ridgeback ជាដៃគូសហការ បា​នស្នើ​ទៅកាន់រដ្ឋបាលចំណីអាហារ និង ឱសថ​របស់សហរដ្ឋអាមេរិក ហៅកាត់ FDA សម្រាប់ថ្នាំលេប Molnupiravir ដើម្បីព្យាបាលជំងឺកូវីដ-១៩ ពីកម្រិតស្រាលទៅមធ្យម សម្រាប់មនុស្សពេញវ័យដែលប្រឈមនឹងហានិភ័យ នៃជំងឺដ៏កាចសាហាវនេះ។ ប្រសិនបើ FDA អនុញ្ញាតឲ្យប្រើប្រាស់ឱសថ Molnupiravir ក្នុងគ្រាបន្ទាន់នោះ គឺ Molnupiravir នឹងក្លាយជាថ្នាំគ្រាប់ សម្រាប់លេបព្យាបាលជំងឺកូវីដ-១៩ដំបូងគេ​ នៅលើពិភពលោក៕