រដ្ឋធានីណៃពិដោរ៖ ក្រោយការធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ស្ថានការណ៍នយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា) កាន់តែអាក្រក់ទៅ ហើយពួកយោធា បានបង្ខំ​ប្រធានាធិបតីភូមា ឲ្យប្រគល់អំណាចដល់ពួកគេ ដោយឆ្លើយថា មិនមានការធ្វើរដ្ឋប្រហារ ហើយ​នេះជាការប្រគល់អំណាច ដោយត្រឹមត្រូវស្របតាមច្បាប់។​

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

​សារព័ត៌មាន Al Jazeera​ បានចេញផ្សាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ថា បើតាមមេធាវីរបស់លោក Win Myint បានបញ្ជាក់ថា លោក Win Myint ប្រធានាធិបតីស៊ីវិលរបស់មីយ៉ាន់ម៉ាន ត្រូវបានបណ្ដេញចេញពីអំណាច ដោយរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ លោក Win Myint បានផ្ដល់សក្ខីកម្មដល់តុលាការ នៃរបបយោធាភូមា ថា អស់រយៈពេលជាច្រើនម៉ោង មុនការធ្វើរដ្ឋប្រហារយោធានោះ ក្រុមឧត្ដមសេនីយ៍យោធា បានបង្ខិតបង្ខំគាត់ឲ្យប្រគល់អំណាចដល់ពួកគេ។ លើសពីនេះទៅទៀត ក្រុមឧត្ដមសេនីយ៍យោធាទាំងនោះ បានគំរាមគាត់ថា ពួកគេនឹងធ្វើឲ្យគាត់រងគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រសិនបើគាត់មិនព្រមប្រគល់អំណាច​។​

ការផ្ដល់សក្ខីកម្មរបស់លោក Wim Myint អតីតប្រធានាធិបតីមីយ៉ាន់ម៉ា នៅក្នុងតុលាការ នៃរបបយោធានេះ បាន​ជំទាស់ទៅនឹងការទទូចរបស់ពួកយោធា ថា គ្មានការធ្វើរដ្ឋប្រហារនោះឡើយ ហើយការគ្រប់គ្រងអំណាចរបស់ពួកគេ គឺត្រូវបានផ្ទេរ ដោយស្របច្បាប់។ នេះជាការធ្វើអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោក Wim Myint ចាប់តាំងពីគាត់ត្រូវបានទម្លាក់ ចេញពីអំណាច ដោយរដ្ឋប្រហារយោធា ហើយក៏ជាការប្រឆាំងទៅនឹងការអះអាងរបស់ពួកយោធាថា មិនមានការធ្វើរដ្ឋប្រហារ ដោយចាត់ទុកថា នេះជាផ្ទេរអំណាចស្របច្បាប់ទៅឲ្យពួកឧត្ដមសេនីយ៍ កាន់ការជាប្រធានាធិបតីស្ដីទី បន្ដដឹកនាំប្រទេសមីយ៉ាន់ម៉ា។

លោក Win Myint បានផ្តល់សក្ខីកម្ម នៅក្នុងតុលាការ នៃរបបយោធាភូមា ជាមួយលោកស្រី អ៊ុង សាន់ស៊ូជី ​ជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព និងជាមេដឹកនាំរដ្ឋាភិបាលស៊ីវិល ដែលឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី កាលពីឆ្នាំ២០២០ មុនពេលមានការធ្វើរដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងអង្គជំនុំជម្រះរបស់តុលាការ នៃរបបយោធានេះ បាន​ចោទប្រកាន់បទល្មើស ជាច្រើនករណី មកលើលោកស្រី អ៊ុង សាន់ស៊ូជី និងមន្រ្ដីជាន់ខ្ពស់បក្សរបស់លោកស្រី  រួមមាន អំពើបះបោរ, បទញុះញង់…និង បទល្មើសជាច្រើនទៀត រហូតធ្វើឲ្យអ្នកការទូតរបរទេសទាំងអស់ មិនទទួល​ស្គាល់របបយោធារបស់ពួកគេ។​

បើតាមអង្គការឃ្លាំមើលក្នុងស្រុក បានបញ្ជាក់ថា គិតចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នោះមក ពួកយោធាបានបង្ក្រាបយ៉ាងឃោរទៅលើក្រុមអ្នកតវ៉ាដោយសន្ដិវិធី ប្រឆាំងនឹងរដ្ឋប្រហារ ដោយបានសម្លាប់មនុស្សជាង១០០០នាក់បាត់បង់ជីវិត។ ដោយឡែក មនុស្សរាប់ម៉ឺននាក់ផ្សេងទៀត បានរត់ចោលលំនៅឋាន ហើយអ្នកខ្លះ បានរត់ទៅចូលរួមជាមួយនឹងក្រុមចលនាបះបោរប្រដាប់អាវុធ នៅតាមរដ្ឋនានា នៃប្រទេសមីយ៉ាន់ម៉ា៕