រាជធានីឡុងដ៍៖ រថភ្លើងមួយខ្សែ បានបើកយ៉ាងលឿន ជ្រុលទៅបុកអគារស្ថានីយរថភ្លើង កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅក្នុងទីក្រុង Enfield នាភាគខាងជើង ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

បើតាមសារព័ត៌មាន Wales Online បានផ្សាយ កាលពីថ្ងៃទី១២ ខែតុលា ថា បើតាមរូបភាព ត្រូវបានបង្ហោះតាមបណ្ដាញសង្គម បង្ហាញថា នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នោះ រថភ្លើងមិនបានក្រឡាប់ ឬធ្លាក់ចេញពី​ផ្លូវដែកនោះឡើយ ហើយរថភ្លើងបានបុក ទល់នឹងអគារស្ថានីយ មិនអាចរុលទៅមុខរួច។​ ចំណែករថភ្លើងបានរងការខូចខាតយ៉ាងដំណំ។

​ក្រុមពន្លត់អគ្គិភ័យទីក្រុងឡុងដ៍ បានបញ្ជាក់ថា ក្រោយពេល​កើតហេតុភ្លាមៗ អ្នកធ្វើដំណើរ ប្រហែល ៥០នាក់ ត្រូវបានជម្លៀស ចេញពីទូរថភ្លើង ចំនួន៨ទូ ដែលបម្រើសេវាដឹកជញ្ជូន សម្រាប់ទីក្រុងឡុងដ៍ និងបុគ្គលិកស្ថានីយ។ ដោយឡែក មនុស្ស២នាក់ផ្សេងទៀត បានរងរបួស ដោយរួមទាំងអ្នកបើករថភ្លើងម្នាក់ ហើយពួកគេត្រូវបានបញ្ជូនទៅព្យាបាលរបួស៕