ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាន៍ថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានស្នើសុំឲ្យកម្ពុជាជួយនិពន្ធបទភ្លេង គោរពទង់ស៊ីហ្គេម សម្រាប់ការប្រើប្រាស់ក្នុងពេលស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាបន្តយកទៅប្រើប្រាស់សម្រាប់ស៊ីហ្គេម ជាបន្តបន្ទាប់នាពេលខាងមុខ។ នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការ ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC។May be an image of 1 person and sitting
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា «អ្វីដែលចាប់អារម្មណ៍ខ្លាំងបំផុត គឺយើងកំពុងធ្វើកម្មវិធីបើកស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យមានលក្ខណៈអស្ចារ្យ និងទាក់ទាញបំផុតជាងកម្មវិធីផ្សេងៗទៀត។ នោះគឺបញ្ហាលើការគោរពទង់ស៊ីហ្គេម មិនទាន់មានបទភ្លេង ក្នុងពេលគោរពទង់ ស៊ីហ្គេម នៅឡើយទេ។ កន្លងមក ក្នុងពេលគោរពទង់ស៊ីហ្គេម បណ្តាម្ចាស់ផ្ទះស៊ីហ្គេមនានា បានចាក់បទភ្លេងផ្សេងៗ ពោលគឺមិនទាន់មានបទភ្លេង១ ដែលត្រូវបានប្រើប្រាស់ជារួមតែមួយ សម្រាប់ម្ចាស់ផ្ទះនីមួយៗនោះទេ។ ដូច្នេះហើយ បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានឯកភាពគ្នាស្នើសុំឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងពេលដែលឯកឧត្តមបណ្ឌិតក្លាយជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ជួយរៀបចំនិពន្ធបទភ្លេងគោរពទង់ស៊ីហ្គេម សម្រាប់ឆ្នាំ២០២៣ ហើយបន្តយកទៅប្រើប្រាស់ សម្រាប់ស៊ីហ្គេម នាពេលខាងមុខជាបន្តបន្ទាប់»។May be an image of 1 person and sitting
«ដូច្នេះក្រោយពីចេញពីស៊ីហ្គេម នៅកម្ពុជាទៅ ក្រោមភាពជាអ្នកដឹកនំារបស់ឯកឧត្តមបណ្ឌិត ថោង ខុន ជាប្រធានប្តូរវេននោះ នឹងត្រូវចារចូលក្នុងកំណត់ត្រាប្រវត្តិសាស្ត្រអាស៊ានថា បទភ្លេងគោរពទង់ស៊ីហ្គេមត្រូវបានបង្កើតឡើងនៅស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា។ កន្លែងនេះគឺជាចំណុចពិសេស ដែលយើងនឹងព្យាយាមធ្វើឲ្យបានសម្រេច ដើម្បីជាមោទនភាពជាតិកម្ពុជាយើងទាំងមូល ក៏ដូចជាបង្ហាញជូនមិត្តអន្តរជាតិថា កម្ពុជាពិតជាមានសមត្ថភាពអាចធ្វើទៅបាន ដោយអាចធ្វើឲ្យមានភាពប្រែប្រួលលក្ខណៈពិសេសលើចំណុចមួយចំនួន»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។May be an image of 2 people, people sitting, people standing and indoor
ក្រៅពីចំណុចសំខាន់នេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានបន្ថែមថា ក្រោយពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ឯកឧត្តមបណ្ឌិត ថោង ខុន បន្តដឹកនាំត្រួតពិនិត្យវឌ្ឍនភាពការងារពិធីបើក-បិទស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយគ្រោងឆ្អឹងសំខាន់ៗ ប្រក្រតីទិនការងារ ផែនការសកម្មភាពការងារ គ្រប់គណៈកម្មការជំនាញរបស់ខ្លួន ត្រូវបានរៀបចំរួចរាល់អស់ហើយ ប៉ុន្តែអ្វីដែលសំខាន់ គឺលម្អិតនៃតួនាទីភារៈកិច្ចរបស់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យបានជ្រួតជ្រាបកាន់តែស៊ីជម្រៅលើកម្មវិធីបើក-បិទលម្អិត ឬលំហូរនៃកម្មវិធីនីមួយៗ ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ឲ្យកាន់តែច្បាស់លាស់ រួមទាំងផ្ទាំងទស្សនីយភាពសម្តែងពីមួយទៅមួយជាដើម។ ការរៀបចំកម្មវិធីទាំងអស់យ៉ាងលម្អិតនេះ គឺដើម្បីសម្រួចធ្វើយ៉ាងណាឲ្យមានភាពរលូន មិនឲ្យមានអ្វីដែលជាឧបស័គ្គនោះឡើយ។May be an image of 1 person
អ្វីដែលកំពុងធ្វើនាពេលនេះ គឺលម្អិតទៅលើការសម្តែង ទាំងការសម្តែង សម្លៀកបំពាក់ បទចម្រៀងជាដើមនោះ គឺត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន ជំរុញឲ្យគណៈកម្មការជំនាញ ធ្វើឲ្យបានល្អប្រសើរ គ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាពខ្ពស់។
នៅខែក្រោយនេះ CAMSOC នឹងផ្តោតសំខាន់ទៅលើការការបញ្ចាំងរូបភាព 3D ជាមួយនឹងអ្នកជំនាញការមកពីប្រទេសចិន ដោយក្នុងនោះ យើងនឹងបន្ស៊ីគ្នាជាមួយការដាក់បញ្ជូលនូវមូលដ្ឋាននៃវប្បធម៌ អរិយធម៌ខ្មែរ ទៅក្នុងបច្ចេកវិទ្យាទំនើប ដើម្បីធ្វើឲ្យផ្ទាំងទស្សនីយភាពនៃពិធីបើកបិទស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាន់តែអស្ចារ្យ និងជាកំណត់ត្រាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា៕
ប្រភព: CAMBODIA SEA GAMES 2023