ន្ទីរកសិកម្មខេត្តកំពង់ធំ បានបន្តផ្តល់បច្ចេកទេសដាំដុះបន្ថែម ដល់កសិករដាំដំឡូងមី នៅទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំទីពោ ស្រុកសន្ទុក  ដើម្បីឱ្យកសិករដាំដុះ មិនជួបបញ្ហា និងទទួលបានទិន្នផលច្រើន ។

លោក ប៉ែន វណ្ណវិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងថា មន្រ្តីជំនាញរបស់មន្ទីរកសិកម្មខេត្ត បានចុះបណ្តុះបណ្តាលបច្ចេកទេស ពីការដាំដុះដំឡូងមី ដល់ប្រជាសហគមន៍ចំនួនពីរ សហគមន៍នៅទីតាំងដីសម្បទានសង្គមកិច្ច ក្នុងស្រុកសន្ទុកខេត្តកំពង់ធំ  ដើម្បីធ្វើយ៉ាងណាឲ្យប្រជាកសិករ ទទួលបានជំនាញច្បាស់លាស់ ស្តីពីការដាំដុះដំឡូងមី និងយល់ដឹងពីការថែទាំការពារពីសត្វល្អិតចង្រៃ ដោយធ្វើយ៉ាងណាឲ្យការដាំដុះនេះ ទទួលបានទិន្នផលល្អ ។

លោកបានបន្តថា “ការបន្តផ្តល់បច្ចេកទេសដាំដុះនេះ ដោយសារតែបច្ចុប្បន្នដំឡូងមីរបស់ប្រជាកសិករ មួយចំនួន បានជួបប្រទះជំងឺរួញស្លឹក និងជំងឺមូលសាអ៊ិក បានធ្វើឱ្យប៉ះពាល់ ទៅដល់ទិន្នផលដំឡូងមី របស់ប្រជាកសិករមួយចំនួន នៅទូទាំងខេត្តផងដែរ។ មន្ទីរបានជំរុញនៅតាមសហគមន៍ ដែលដាំដុះដំឡូងមី ធ្វើយ៉ាងណាបន្សុទ្ធពូជឲ្យបានត្រឹមត្រូវ ចៀសវាងការយកពូជណា ដែលមិនល្អយកទៅធ្វើការដាំដុះដែលនាំឲ្យបាត់បង់នូវទិន្នផល និងខាតបង់ចំណូលសេដ្ឋកិច្ចគ្រួសារ។”

គួរបញ្ជាក់ថា  មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានបណ្តុះបណ្តាលបច្ចេកទេសនៃការផលិតពូជ និងដាំដុះដំឡូងមី ជាបន្តបន្ទាប់នៅទូទាំងខេត្ត ជាច្រើនសហគមន៍រួចមកហើយ ដែលមានការគាំទ្រដោយកម្មវិធី (ASPIRE) ៕