ការជ្រើសរើសការដាំដុះបន្លែសុវត្ថិភាពគឺជាជម្រើសដ៏ល្អសម្រាប់កសិករ ព្រោះមានភាព ងាយស្រួលជាងការដាំបន្លែគីមី និង មានសុវត្ថិភាពខ្ពស់ទាំងសុខភាពខ្លួនឯងនិងអ្នកទទួលទាន។

លោក ដែន ហៀរ អាយុ៣៨ឆ្នាំ រស់នៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានឱ្យដឹងថា លោកចាប់ផ្តើមមុខរបរដាំបន្លែរយៈពេលជាង៥ឆ្នាំមកហើយ ដោយពីមុនមកលោកមិនធ្លាប់បានដឹងថា បន្លែបែបណាជាបន្លែសុវត្ថិភាពឬបន្លែគីមីឡើយ ប៉ុន្តែក្រោយពីទទួលបានការបណ្តុះបណ្តាលពីជំនាញពាក់ព័ន្ធ ទើបយល់ច្បាស់ពីការដាំបន្លែសុវត្ថិភាព និងបានចាប់ផ្តើមចាប់យកមុខរបរនេះជាប់រហូតមកតែម្តង។ លោកបន្តថា បន្លែសុវត្ថិភាពនេះ ងាយស្រួលដាំ ទាំងការប្រើប្រាស់ថ្នាំ ឬដាក់ជីទៅតាមពេលវេលា និងកម្រិតរបស់វា ជាពិសេសពេលបែបណាគួរប្រើជីដើម្បីថែបំប៉ន ដែល មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកដាំផ្ទាល់ និងសុខភាព របស់អ្នកបរិភោគ។

លោកបានឱ្យដឹងទៀតថា សព្វថ្ងៃ លោកបានដាំបន្លែច្រើនប្រភេទ ដូចជា៖ ននោង  ននោងជ្រុង  ម្រះ ត្រឡាច ប៉េងប៉ោះ ប៉េងប៉ោះឈើរី ល្ហុង  ឪឡឹក ម្ទេស ត្រប់គ្រប់ប្រភេទ សម្រាប់លក់ចេញឱ្យទីផ្សារ ក្នុងស្រុក។

ការសម្រេចចិត្តយកបន្លែសុវត្ថិភាពដែលងាយស្រួលធ្វើជាងបន្លែផ្សេងៗ ងាយស្រួលត្រង់ថាបន្លែសុវត្ថិភាពគាត់ឲ្យយើងប្រើជីគីមីតាមកម្រិតនៃដំណាំ ការប្រើថ្នាំគីមីតាមការណែនាំ ហើយត្រូវប្រើថ្នាំពេលណា ឈប់ប្រើថ្នាំពេលណា រយៈពេលប៉ុន្មានថ្ងៃត្រូវប្រមូលផល រយៈពេលប៉ុន្មានថ្ងៃឈប់ប្រើថ្នាំ ការប្រើជីយ៉ាងម៉េចឲ្យត្រូវតាមលក្ខណៈដំណាំ យើងប្រើអ៊ីចឹងបន្លែសុវត្ថិភាពអត់មានផលប៉ះពាល់ដល់អ្នកហូបទេ។

សូមជម្រាបផងដែរថា ដំបូងឡើយ លោកដែន ហៀរ មានមុខរបរជាជាងសំណង់ រយៈពេល១៥ឆ្នាំមកហើយ តែក្រោយមកក៏បានសម្រេចចិត្តបោះបង់ចោលការងារនេះ ព្រោះប្រាក់ចំណូលទទួលបានមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន ហើយងាកមកចាប់យកមុខរបរដាំបន្លែលក់ ដើម្បីទប់ទល់ការចំណាយក្នុងគ្រួសារវិញ។ លោកមានផ្ទៃដី ដាំដុះបន្លែសុវត្ថិភាព ប្រមាណ១០ហិកតា និងអាចផ្គត់ផ្គង់បន្លែទៅតាមត្រូវការរបស់ទីផ្សារ មុនពេលវិបត្តិនៃជំងឺកូវីដ១៩ ក្នុង១ថ្ងៃក្រុមរបស់លោក អាចលក់បន្លែបាន ប្រមាណ ១០តោន ទៅតាមការកុម្មង់របស់អតិថិជន៕

ប្រភព: ក្រសួងព័ត៌មាន