បន្លែសុវត្ថិភាពក្នុងសហគមន៍កសិកម្មតាម៉ៅលើ ក្នុងខេត្តក្រចេះ កំពុងមានតម្រូវការខ្ពស់ ក្នុងទីផ្សារ ខណៈដែលបច្ចុប្បន្ន មានអតិថិជនជាច្រើនងាកមកទទួលទានបន្លែសុវត្ថិភាព ។

លោក អ៊ឺ សុខឡាង ប្រធានសហគមន៍កសិកម្មតាម៉ៅលើ ស្ថិតនៅក្នុងភូមិតាម៉ៅលើ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឱ្យដឹងថា បន្លែសុវត្ថិភាពដែលដាំក្នុងសហគមន៍ទំាងអស់ គឺមានការបង្រៀន និងណែនាំពីខាងមន្ត្រីជំនាញ ពីការថែទាំ ការជ្រើសរើសពូជ ការជ្រើសរើសដី ជាពិសេសការប្រើប្រាស់ជីធម្មជាតិ ដោយផ្ដោតសំខាន់ទៅលើគុណភាពនិងសុវត្ថិភាពជាចម្បង ដែលមិនធ្វើឱ្យប៉ះពាល់ ដល់សុខភាពអ្នកបរិភោគ ។

លោកបន្តថា សហគមន៍មានការរៀបចំផែនការច្បាស់លាស់សម្រាប់ប្រជាកសិករមុននឹងធ្វើការដាំដុះ ដែលមានដូចជា ការជ្រើសរើស ប្រភេទបន្លែណាដែលមានទីផ្សារ ទទួលបានតម្លៃល្អ ផ្លាស់ប្ដូរការដាំបន្លែកុំឱ្យជាន់គ្នា ដើម្បីបង្កលក្ខណៈងាយស្រួលកុំឱ្យនៅពេលទទួលផល សល់ជន់ជោរ ជាពិសេសឆ្លើយតបទៅតាមតម្រូវការទីផ្សារ ។

លោកបញ្ជាក់ថា ក្នុងមួយថ្ងៃសហគមន៍នេះអាចប្រមូលបន្លែបានជាង២តោន ដោយក្នុងនោះ ត្រប់ក្នុង១គីឡូតម្លៃ ១៥០០រៀល ត្រសក់ តម្លៃ១៥០០រៀល ម្ទេសតម្លៃ ២៥០០រៀលនិងម្រះ តម្លៃ២៥០០រៀល។ លោកបានបន្ថែមថា ខាងសហគមន៍កសិកម្មតាម៉ៅលើ ក៏បានចុះ កិច្ចសន្យាក្នុងការបញ្ជាទិញជាមួយក្រុមហ៊ុន រ៉េមិច នឹងភូមិកសិកម្មធម្មជាតិនៅរាជធានីភ្នំពេញផងដែរ។

 ដាំមួយវគ្គៗដូចជាត្រសក់រៀបផែនការឱ្យគាត់ដាំ២០ថ្ងៃ ម៉ាប្លង់ ២០ប្លង់ដូចជាត្រប់អីឱ្យគាត់ដាក់មួយខែទៅមួយខែកន្លះហ្នឹង ហើយខ្ញុំរៀបឱ្យគាត់ដាំបើមិនអ៊ីចឹងទេគឺដាំជាន់គ្នាចឹងគឺឱ្យគាត់ដាំឆ្លាស់គ្នាម្ភៃថ្ងៃម្ដងដូចជាត្រសក់អី។ លោក បានអំពាវនាវទៅដល់ប្រជាពលរដ្ឋឲ្យជួយគាំទ្រផលិតផលដែលជាស្នាដៃររបស់កសិករខ្មែរដាំ ដើម្បីជាការលើកទឹកចិត្តដល់កសិករ ដែលគាត់ខិតខំដាំ។

សូមបញ្ជាក់ថា សហគមន៍កសិកម្មតាម៉ៅលើ បង្កើតឡើងតាំងពីឆ្នាំ២០១៩ និងមានសមាជិក២៥គ្រួសារ ដែលមានដាំដុះបន្លែ ត្រសក់ ម្ទេសផ្លោក ស្ពៃក្តោប និងផ្កាខាត់ណា ដែលមានផ្ទៃដីសរុប ជាង៤០ហិកតា៕

ប្រភព: ក្រសួងព័ត៌មាន