ភ្នំពេញ៖ ឯកឧត្ដម ម៉ៅ ធនិន កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១​ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ទេរភារកិច្ចពីអភិបាលខេត្តពោធិ៍សាត់ ទៅបម្រើការជាអភិបាលខេត្តកំពតជំនួសឯកឧត្ដម ជាវ តាយ ដែលក្លាយជាអភិបាលខេត្តពោធិ៍សាត់ជំនួសវិញ ។

ជាមួយនឹងការចាកចេញទៅកាន់តំណែងជាអភិបាលខេត្តកំពតនេះ ឯកឧត្ដម ម៉ៅ ធនិន បានធ្វើឱ្យមហាជន ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ មានក្ដីស្រណោះអាឡោះអាល័យជាខ្លាំង ដោយសារតែក្នុងរយៈពេលនៃការកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់នេះ ឯកឧត្ដមបានលះបង់កម្លាំកងកាយ ចិត្ត ចេញមុខដោះស្រាយផ្ទាល់ៗរាល់ករណីមិនប្រក្រតី និងអយុត្តិធម៌ណាមួយនៅក្នុងមូលដ្ឋានរបស់លោក ជាពិសេសលោកបានធ្វើឱ្យមហាជនទូទាំងប្រទេសគាំទ្រយ៉ាងពេញទំហឹងទៅលើសកម្មភាពដោះស្រាយទំនាស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនថារឿងតូច ឬធំ ឡើយគឺលោកតែងតែចុះជួបដោយផ្ទាល់ និងដោះស្រាយក្រៅប្រព័ន្ធប្រកបដោយយុត្តិធម៌ និង ព្រហ្មវិហារធម៌បំផុត ដូច្នេះហើយទើបពលរដ្ឋជាច្រើនបានដាក់រហ័ស្សនាមឱ្យលោកថា “តុលាកាមុខដែក ម៉ៅ ធនិន”​។

គួរឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ​២០១៤ មក លោក ម៉ៅ ធនិន តែង​ចំណាយពេល​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ដោយ​ថ្ងៃ​ខ្លះ អាច​ដោះស្រាយ​រហូតដល់ ២០​រឿង ។

ជាមួយគ្នានេះដែរ សង្កេតឃើញថា ក្រោយពីចេញព្រះរាជ្យក្រឹត្យត្រាស់បង្គាប់ផ្ទេរភារកិច្ចរបស់ឯកឧត្ដម ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅបម្រើការជាអភិបាលខេត្តកំពត គេឃើញមានការសាទរយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋរស់នៅខេត្តកំពត ផ្ទុយស្រឡះពីពលរដ្ឋនៅខេត្តពោធិ៍សាត់ដែលនាំគ្នានឹកសោយស្ដាយចំពោះថ្នាក់ដឹកនាំខេត្តដ៏ល្អរូបនេះ​ ៕