​ប៉ុន្មានថ្ងៃចុងក្រោយនេះ​​ សង្កេតឃើញថា មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសជាច្រើនបាននាំគ្នាបំផុសសកម្មភាពទទួលទានប្រទាលបាតដៃ ឬប្រទាលបាតដៃព្រះ (ឈ្មោះហៅតាមតំបន់) ទាំងដែលមិនប្រាកដថា តើការទទួលទានរុក្ខជាតិប្រភេទនេះចម្រើនដល់រាងកាយ ឬគ្រោះថ្នាក់ ។

យោងតាមសកម្មភាពជាក់ស្ដែងប៉ុន្មានថ្ងៃចុងក្រោយនេះ បានឱ្យឃើញថា អ្នកលេងហ្វេសប៊ុកជាច្រើន​បាននាំគ្នាទទួលទាន ប្រទាលបាតដៃ ឬប្រទាលបាតដៃព្រះ ជាមួយអំបិលម្ទេស ចាត់ទុកដូចជាផ្លែស្វាយខ្ចី និងម្កាក់ដូច្នេះដែរ មិនតែប៉ុណ្ណោះ ថែមទាំងត្រូវបានគេយកទៅលក់ជាមួយគ្រឿងម្ជូរផ្សេងៗផងដែរ ។

ជាក់ស្ដែងមានទីតាំងលក់គ្រឿងម្ជូរល្បីឈ្មោះមួយកន្លែងនៅរាជធានីភ្នំពេញ បានបង្ហោះផ្សាយលក់ប្រទាល ប្រទាលបាតដៃ ឬប្រទាលបាតដៃព្រះ យ៉ាងផុសផុលនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ហើយថែងទាំងបញ្ជាក់ថា លក់ដាច់ខ្លាំងថែមទៀតផង ។

ជុំវិញនឹងការផុសផុលខាងលើនេះដែរ ក៏មានអ្នកលេងហ្វេសប៊ុកមួយចំនួនតូចដែលមានចំណេះដឹងផ្នែករុក្ខជាតិ និងបន្លែ ក៏ដូចគ្នាជាមួយឯកសារជាច្រើនរបស់បរទេស បានបង្ហាញថា ប្រទាលបាតដៃ ឬប្រទាលបាតដៃព្រះ មានឈ្មោះជាភាសាបច្ចេកទេសថា​​ Opuntia cochenillifera ដែលមានរូបរាងដូចគ្នាទាំងស្រុងជាមួយ Opuntia ficus-indica ដែលជារុក្ខជាតិអាចទទួលទានបានទាំងស្លឹក និងផ្លែរបស់វា ។

ត្បិតតែ Opuntia cochenillifera និង Opuntia ficus-indica ស្ថិតនៅក្នុងអម្បូរ Cactus តែមួយ តែមិនមានឯកសារណាមួយបញ្ជាក់ថា Opuntia cochenillifera ដែលខ្មែរយើងហៅថា ប្រទាលបាតដៃ ឬបាតដៃព្រះ នេះទទួលទានបានដូច Opuntia ficus-indica ឡើយ ។

និយាយពី Opuntia ficus-indica ត្រូវបានគេរកឃើញច្រើននៅប្រទេស មិកស៊ិក ហើយផ្លែរបស់វាមានរស់ជាតិផ្អែមដែលគេនិយមទទួលទានជំនួយដល់សុខភាព ព្រោះវាសម្បូរទៅដោយវីតាមីន C ប៉ុន្តែមិនសូវល្អសម្រាប់អ្នកដែលមានបញ្ហាផ្នែកប្រព័ន្ធរំលាយអាហារឡើយ ។

ចំពោះស្លឹក Opuntia ficus-indica ក៏ត្រូវបានគេយកទៅធ្វើជាបន្លែងដ៏មានរសជាតិឆ្ងាញ់ពិសារ ជាពិសេសគេយកវាទៅចម្អិនជាមួយស៊ុត ហើយក្លាយជាអាហារពេលព្រឹកដ៏ពេញនិយមមួយនៅប្រទេសអឺរ៉ុប ។

Opuntia ficus-indica នេះផងដែរ ជាប្រភេទរុក្ខជាតិមួយដែលងាយស្រួលដាំដុះបំផុត ដោយវាមិនត្រូវការការថែទាំខ្លាំងឡើយ ហើយបើទោះជាភាគច្រើនឃើញដុះនៅតាមតំបន់ក្ដៅក៏ពិតមែន ប៉ុន្តែក្នុងខ្លួនរបស់វាគឺពោពេញទៅដោយសារធាតុទឹក មិនខុសគ្នាពីដើមដំបងយក្សខ្មែរយើងឡើយ ។

យ៉ាងណាមិញចំពោះ Opuntia cochenillifera ដែលខ្មែរយើងហៅថា ប្រទាលបាតដៃ ឬបាតដៃព្រះ នៅតែមិនច្បាស់ថា យើងអាចទទួលទានប្រកបដោយសុវត្ថិភាពដូច Opuntia ficus-indica ដែរ ឬក៏អត់ ទាំងដែលមានប្រជាពលរដ្ឋខ្មែរមួយចំនួនកំពុងសម្រុកទទួលទាន​ ហើយខ្លះទៀតក៏ទាមទារឱ្យមានការបញ្ជាក់ពីអ្នកជំនាញ ឬក្រសួងពាក់ព័ន្ធ ថាតើការបរិភោគប្រទាលប្រភេទនេះមានផលិតប៉ះពាល់ដល់សុខភាព ឬក៏អត់ ?