ខេត្តកណ្តាល៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) និងសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ(ស.អ.ក.ក-CAMKAA) បានរៀបចំសកម្មភាពមួយដើម្បីចែកអំណោយគ្រឿងឧបភោគបរិភោគ ដល់គ្រួសារដែលមានប្រាក់ចំណូលទាបនិងងាយរងគ្រោះដែលមានទីលំនៅក្នុងឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ។ ការចែកអំណោយនេះ ធ្វើឡើងក្នុងគោលបំណងជួយឧបត្ថម្ភគ្រួសារប្រមាណមួយរយ (១០០)គ្រួសារ ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណប្រាំបីរយ(៨០០)នាក់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។

ការចែកអំណោយគ្រឿងឧបភោគបរិភោគ ប្រារព្ឋធ្វើឡើងក្រោមអធិបតីភាព លោក នោ ហ្យន់ជូន (Rho Hyun Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា)ប្រចាំនៅកម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ(ស.អ.ក.ក-CAMKAA) និងជាអគ្គលេខាធិការរង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ខេត្តកណ្តាល។

អំណោយមាន អាហារ និងផលិតផលសុខភាពរាប់សិប រួមមាន មីកញ្ចប់មួយកេះ ត្រីខកំប៉ុង១យួរ អង្ករ២៥គីឡូក្រាម ស្ករត្នោត ម៉ាស់ និង ទឹកលាងដៃ សម្រាប់ជួយដល់ជនងាយរងគ្រោះ ក្នុងគ្រាអាសន្ននេះ និងដើម្បីជួយប្រយុទ្ធប្រឆាំង នឹង ការផ្ទុះឡើងជំងឺកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

ការចែកអំណោយ ត្រូវបានរៀបចំឡើង នៅក្នុងតំបន់គោលដៅ តាមរយៈកិច្ចសហការ រវាងអាជ្ញាធរមូលដ្ឋាន និងសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ(ស.អ.ក.ក-CAMKAA) ។

ការចែកអំណោយនេះ ធ្វើឡើងស្របតាមបេសកកម្ម របស់សមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ(ស.អ.ក.ក-CAMKAA) ដើម្បីគាំទ្រសុខុមាលភាពសហគមន៍ជនបទ ដោយសង្ឃឹមថា គ្រឿងឧបភោគបរិភោគ នឹងជួយកាត់បន្ថយការលំបាករបស់គ្រួសារដែលមានប្រាក់ចំណូលទាប និងងាយរងគ្រោះ នៅក្នុងប្រទេសកម្ពុជាដែលកំពុងមានស្ថានការណ៍ធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ -១៩ ។


សមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ(ស.អ.ក.ក-CAMKAA) ត្រូវបានបង្កើតឡើង នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២មកម្លេះ ក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) នៃសាធារណរដ្ឋកូរ៉េ។ ដំបូងសមាគមនេះមានឈ្មោះថា “ក្លឹបខ្ញុំស្រឡាញ់កូរ៉េ” ។ សមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ(ស.អ.ក.ក-CAMKAA) គឺជាវេទិកាមួយ សម្រាប់សិក្ខាកាមទំាងអស់ជាង ៣ ២០០នាក់ ដែលពួកគាត់បានចូលរួមក្នុង កម្មវិធីបណ្តុះបណ្តាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) ដើម្បីទ្រទ្រង់ និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េចាប់តាំងពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ ហើយសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ(ស.អ.ក.ក-CAMKAA) បានរៀបចំសកម្មភាពសង្គមជាច្រើន សម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន ក្នុងប្រទេសកម្ពុជា ដោយសហការជាមួយ ការិយាល័យ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា)ប្រចាំនៅកម្ពុជា។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩១ ក្រោមក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ គឺជាទីភ្នាក់ងាររដ្ឋាភិបាលដែលបានផ្តល់នូវកម្មវិធីជំនួយឥតសំណងរបស់ប្រទេសកូរ៉េ។ កូយកាមានគោលបំណង លើកកម្ពស់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ពួកគេ។ ដើម្បីសម្រេចគោលដៅនេះ កយកា(KOICA)បានចូលរួមក្នុងគម្រោងជាច្រើនរួមទាំង កម្មវិធីគម្រោង និង កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍ(Development Experience Exchange Program-DEEP) កម្មវិធីអាហារូបករណ៍ មិត្តភក្តិកូរ៉េពិភពលោក (មានអ្នកស្ម័គ្រចិត្តនិងទីប្រឹក្សាកូរ៉េ) ជំនួយមនុស្សធម៌ និងជំនួយបន្ទាន់សម្រាប់គ្រោះមហន្តរាយ ភាពជាដៃគូសាធារណៈនិងឯកជន (PPP) កិច្ចសហប្រតិបត្តិការពហុភាគី និងមូលនិធិទប់ស្កាត់ជំងឺឆ្លងទូទាំងពិភពលោក។