រាជធានីភ្នំពេញ៖ ដើម្បីចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានគុណភាព និងស្ដងដារខ្ពស់ថែមទៀតនោះ មន្ទីរព្យាបាលកុមារដំរី និងតារាចម្រៀង ឆាយ វីរៈយុទ្ធ បានចាប់ដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងការផ្ដល់សេវាសុខាភិបាល និងការពិនិត្យព្យាបាលជំងឺជូនកុមារ នៅកម្ពុជា ប្រកបដោយគុណភាព និងមានស្ដង់ដារអន្ដរជាតិ។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ សម្រាប់កិច្ចសហប្រតិបត្ដិការរវាងមន្ទីរព្យាបាលកុមារដំរី និងលោក ឆាយ វីរៈយុទ្ធ ដែលជាតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត អៀង ហួរ ជាសហស្ថាបនិកនៃមន្ទីរព្យាបាលកុមារដំរីបានគូសបញ្ជាក់ថា ការសហការជាដៃគូ និងការបង្កើតមន្ទីរព្យាបាលកុមារដំរីនេះឡើង ក្នុងគោលបំណងដើម្បីពង្រឹងសេវាការព្យាបាលជំងឺជូនកុមារប្រកបដោយស្ដង់ដារខ្ពស់ និងការផ្ដល់សេវាកម្មប្រកបដោយគុណភាព ជាពិសេសគ្រូពេទ្យមានជំនាញច្បាស់លាស់ មានក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជាឱ្យមានការរីកចម្រើនដូចបណ្ដាប្រទេសនានាក្នុងតំបន់។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា មន្ទីរព្យាបាលកុមារដំរីមានទស្សនៈវិស័យដ៏វែងឆ្ងាយក្នុងការនាំយកប្រព័ន្ធព្យាបាលប្រកបដោយសុវត្ថិភាព និងសេវាកម្មចេញពីបេះដូង ដើម្បីចូលរួមចំណែកជួយកុមារកម្ពុជាឱ្យមានសុខភាពល្អ និងមានបេសកកម្មដ៏មោះមុត ដើម្បីឱ្យមន្ទីរព្យាបាលកុមារដំរី ក្លាយទៅជាមន្ទីរព្យាបាលឈានមុខគេ ដោយពឹងផ្អែកទៅលើក្រុមវេជ្ជបណ្ឌិតជំនាញៗ និងបូកផ្សំជាមួយការបំពាក់ប្រព័ន្ធធ្វើការជួយក្នុងការព្យាបាលកុមារតាមស្ដង់ដារអន្ដរជាតិ ដើម្បីធានាសុវត្ថិភាពជូនអ្នកជំងឺ។ ទន្ទឹមនេះ មន្ទីរព្យាបាលកុមារដំរី ផ្ដល់ជូននូវសេវាថែទាំសុខភាពកុមារចាប់ពីអាយុ១ឆ្នាំ រហូតដល់១៥ឆ្នាំ តាមរយៈក្រុមគ្រូពេទ្យដែលមានជំនាញឯកទេសផ្នែកជំងឺកុមារច្បាស់លាស់ សេវាត្រួតពិនិត្យសុខភាពកុមារប្រចាំឆ្នាំ ការចាក់វ៉ាក់សាំងគ្រប់ប្រភេទ តាមស្ដង់ដារអាម៉េរិកាំង និងតាមការណែនាំរបស់អង្គការសុខភាពពិភពលោក សេវាព្យាបាលកុមារទូទៅ សេវាពិភាក្សា និងតាមដានអំពីការលូតលាស់របស់កុមារ ការទទួលព្យាបាលជំងឺកុមារ ដោយការស្នាក់នៅក្នុងមន្ទីរព្យាបាលបំពាក់ដោយឧបករណ៍ បរិក្ខារពេទ្យគ្រប់គ្រាន់ រួមនឹងបន្ទប់ប្រកបដោយផាសុកភាព និងសេវាសង្គ្រោះបន្ទាន់២៤ ម៉ោង។

លោកវេជ្ជបណ្ឌិតបានបន្ដថា ដើម្បីធានាឱ្យមានសុវត្ថិភាពខ្ពស់ចៀសផុតពីការចម្លងមេរោគផ្សេងៗពីអ្នកជំងឺម្នាក់ទៅអ្នកជំងឺម្នាក់ទៀត មន្ទីរព្យាបាលកុមារដំរី ក៏បានអនវត្ដន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានការអនាម័យស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានធ្វើការបាញ់កម្ចាត់មេរោគនៅក្នុងអគារជាប្រចាំ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា “យើងនឹង ខិត ខំអភិវឌ្ឍន៍ផ្នែកបច្ចេកទេសទាំងគុណភាពវេជ្ជបណ្ឌិត រចនាសម្ព័ន្ធ សេវាកម្មឱ្យមានភាពរីកចម្រើនជឿនលឿនដូចមន្ទីរពេទ្យនានាដូចបណ្ដាប្រទេសនៅក្នុងតំបន់”។

បើតាមលោកវេជ្ជបណ្ឌិត អៀង ហួរ បានឱ្យដឹងថា បច្ចុប្បន្ននេះ ដោយមើលឃើញថាប្រទេសជាតិកំពុងតែទទួលបាននូវសុខសន្ដិភាពយ៉ាងពេញលេញបរិបូរណ៌និងមានការអភិវឌ្ឍ ខ្ពស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានអនុវត្ដន៍យុទ្ធសាស្រ្ដចតុកោណចាប់ពីដំណាក់កាលទី១ ដល់ដំណាក់ កាលទី៤ ប្រកបដោយជោគជ័យក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ ដោយសម្រេចបាននូវសន្ដិភាពយូរអង្វែង។ លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា ការទទួលបាននូវសន្ដិភាពនេះ ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសង្គមជាតិធ្វើការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាពលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល ដែលបង្កជាឱកាសដល់អ្នកវិនិយោគទុន និងក្រុមវេជ្ជបណ្ឌិតក្នុងការសហការគ្នា ដើម្បីបង្កើតមន្ទីរពេទ្យឯកជន សម្រាប់ចូលរួមជួយលើកកម្ពស់វិស័យសុខាភិបាលឱ្យកាន់តែមានភាពរឹងម៉ាំស្របតាមបទដ្ឋានអន្ដរជាតិ ក្នុងនោះក៏មានមន្ទីរព្យាបាលកុមារដំរីផងដែរ។

លោក ឆាយ វីរៈយុទ្ធ ជាសហស្ថាបនិកនៃមន្ទីរព្យាបាលកុមារដំរីបានលើកឡើងថា ការសហការរួមគ្នាក្នុងការបើកដំណើរការគ្លីនិកនេះឡើងគឺដើម្បីចង់បាននូវសេវាកម្មមួយឱ្យកាន់តែល្អ និងមានក្រមសីលធម៌ខ្ពស់ស្របតាមបទដ្ឋានអន្ដរជាតិ ហើយយើងបានតាំងចិត្ដរួមគ្នាក្នុងការចង់បានធ្វើយ៉ាងណាឱ្យមន្ទីរព្យាបាលកុមារដំរី ក្លាយទៅជាគ្លីនិកមួយដែលបានរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។ លោកបានអះអាងថា “ការចាប់ដៃគូបង្កើតមន្ទីរព្យាបាលកុមារដំរីនេះ វានឹងក្លាយទៅជាគ្លីនិកព្យាបាលមួយដែលធំ និងមានសេវាកម្មល្អ មានវេជ្ជបណ្ឌិត គ្រូពេទ្យជំនាញៗ និងមានការព្យាបាលត្រឹមត្រូវតាមក្បួនវេជ្ជសាស្រ្ដសុខាភិបាល ដែលផ្ដល់នូវការព្យាបាលជូនដល់ប្រជាពលរដ្ឋ និងកុមារកម្ពុជា”។
លោកក៏បានអំពាវនាវដល់ឪពុកម្ដាយ និងអាណាព្យាបាលដែលមានកូនតូចៗ សូមមកទទួលនូវសេវាសុខាភិបាលពីមន្ទីរព្យាបាលកុមារដំរី ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការពិនិត្យព្យាបាល និងថែទាំសុខភាពរបស់កុមារប្រកបដោយគុណភាព សុវត្ថិភាព និងស្ដង់ដារអន្ដរជាតិ។

សូមជម្រាបជូនថា មន្ទីរព្យាបាលកុមារដំរី បានបង្កើត និងចាប់បើកដំណើរការតាំងពីថៃ្ងទី០១ ខែមីនា ឆ្នាំ២០២១មកម្លេះ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 19C តាមបណ្តោយផ្លូវលេខ 1986 ផ្លូវអាយយូ (IU) ម្តុំហាងស៊ុបភើស្តរ (Super Store) ទល់មុខហាងស៊ុបម្រះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ៖ 092 377 000/ 093 377 000 ឬ 077 370 707 / 012 851 971។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត អៀង ហួរ បានសង្កត់ធ្ងន់ថា “មន្ទីរព្យាបាលកុមារដំរី នឹងផ្ដល់ជូននូវការថែរក្សាសុខភាព និងសេវាកម្មដ៏ទូលំទូលាយដល់បុត្រធីតារបស់អស់លោក លោកស្រី ដោយមានវេជ្ជបណ្ឌិត គ្រូពេទ្យ និងអ្នកឯកទេសជំនាញផ្នែកជំងឺកុមារ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅតាមមន្ទីរពេទ្យធំៗទាំងក្នុង និងក្រៅប្រទេស និងមន្ទីរពេទ្យគន្ធបុប្ជាជាដើម លើជំនាញកុមារ”៕