ថៃ៖ កាលពីពេលថ្មីៗនេះក្រសួងកសិកម្មថៃ បានបង្ហាញពីគោលបំណងរបស់ខ្លួនថា នាថ្ងៃអនាគតខាងមុខនេះប្រទេសថៃកំពុងមានគោលដៅលើកកម្ពស់ផ្លែទុរេននៅប្រទេសថៃឱ្យក្លាយជាផ្លែឈើលេខ១ ក្នុងការនាំចេញទៅទីផ្សារអន្តជាតិ។

ជាមួយគ្នានេះដែរ លោក ឡាំឆៃ ស៊ីអាន រដ្ឋមន្រ្តីក្រសួងកសិកម្មថៃ បានឱ្យដឹងថា បច្ចុប្បន្ននេះ ទុរេនជាផ្លែឈើពិសេសលេខ១ក្នុងប្រទេសថៃ ដែលថៃកំបុងតែអនុវត្តគម្រោងផលិតកម្មថ្មីដែលមានឈ្មោះថា “ប្រទេសមួយអាទិភាពមួយ” របស់អង្គការ OCOP ។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងកសិកម្មថៃក៏បានបញ្ចាក់ឱ្យដឹងផងដែរថា នៅឆ្នាំ២០២១នេះ កសិផលផ្លែទុរេននៅប្រទេសថៃ បានឈរនៅលំដាប់កំពូលលើការនាំចេញ ដែលមានតម្លៃជាង ២,៩ ពាន់លានដុល្លារ (៩៤,៨ ពាន់លានបាត) ឬស្មើនឹង ២,៥% នៃផលិតផលក្នុងស្រុកសរុប។ លោកបានមានប្រសាសន៍ថាអត្រាកំណើនកសិផលទុរេនឆ្នាំនេះកើនឡើងគួរឱ្យចាប់អារម្មណ៍គឺ ៤០% បើប្រៀបនឹងឆ្នាំមុនៗ។

ដោយឡែកទាក់ទងទៅនឹងការដាំដុះទុរេនរបស់ប្រជាកសិករថៃសំដៅទៅការការនាំចេញនេះ គឺផ្តោតសំខាន់ទៅលើ ៥ ចំណុចធំៗ ដូចជា៖

១. ត្រួតពិនិត្យពីគុណភាពផ្លែទុរេនជាប្រចាំពីមួយឆ្នាំទៅមួយឆ្នាំ និងសម្រិតសម្រាំងខ្លាំងទៅលើប្រភេទពូជ
២. ត្រួតពិនិត្យទៅលើការវេចខ្ចប់ឱ្យបានត្រឹមត្រូវ សុវត្ថិភាពចេញពីចំការផ្ទាល់ ដើម្បីងាយស្រួលក្នុងការនាំចេញ
៣. ដាំស្របទៅតាមស្តង់ដាភូតគាមអនាម័យ ដែលទីផ្សារអន្តរជាយិបានកំណត់
៤. បង្កើនការដាំ និងមើលថែទាំទៅតាមស្តង់ដារបច្ចេកទេសច្បាស់ដែលចេញពីក្រសួងកសិកម្ម
៥. កត្តាទឹក និងកត្តាជី ប្រើប្រាស់ស្របទៅតាមគោលការកំណត់ជាស្តង់ដា ៕