ខេត្តកណ្តាល៖ ប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ក្នុងប្រអប់សារ ហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ថា មានអ្នកផឹកស៊ី និងចាក់បាសមានសំឡេងខ្លាំងៗ រំខានដល់អ្នកជិតខាងនៅម៉ោង១១យប់ហើយ មិនទាន់ឈប់ និងមិនខ្លាចការឆ្លងរាលដាលនៃជំងឺកូវីដសោះ។ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយមានការចង្អុលបង្ហាញពីក្រុមការងារ និងប្រតិកម្មរហ័សខេត្ត លោកអធិការនគរបាលស្រុកច្សាច់កណ្តាលបានបញ្ជាឲ្យកម្លាំងនគរបាលរដ្ឋបាលចុះទៅស្រាវជ្រាវទីតាំងខាងលើ។ ពេលនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ បានចុះទៅដល់ផ្ទះឈ្មោះ រិន បូរ៉ា ហៅភាព ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរកសិករ នៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល នៅវេលាម៉ោង១២ និង០០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ពិនិត្យឃើញថា គាត់បានឈប់ផឹកស៊ី និងចាក់ធុងបាស់ទៅហើយ បន្ទាប់មកកម្លាំងនគរបាលប៉ុស្ដិ៍បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ផ្ទះខាងលើមិនឲ្យមានការជួបជុំផឹកស៊ី និងចាក់ធុងបាសរំខានដល់អ្នកដទៃចាប់ពីពេលនេះតទៅ និងត្រូវគោរពតាមការណែនាំរបស់សមត្ថកិច្ច និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល អំពីវិធានការការពារជំងឺរាតត្បាត កូវីដ-១៩ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន៕