រដ្ឋធានីម៉ានីល៖ ដោយសារ​ការរាតត្បាត ពីជំងឺកូវីដ-១៩ ធ្វើឲ្យបណ្ដាប្រទេសនានា នៅលើពិភពលោក បានសម្រេច​​បិទ​សាលារៀន ហើយហ្វីលីពីន ក៏បានបិទសាលារៀនទាំងអស់ ទៅទូទាំងប្រទេស ចាប់តាំងពីខែមីនា ឆ្នាំ២០២០មកម៉្លេះ ប៉ុន្ដែទើបតែ​នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសអាស៊ានមួយនេះ បានសម្រេចសាកល្បង បើកទ្វារសាលារៀន ចំនួន១២០ឡើងវិញ។

សារព័ត៌មានសិង្ហបុរី CNA  បានផ្សាយថា មន្រ្ដីហ្វីលីពីន នៅថ្ងៃចន្ទ (ទី២០ ខែកញ្ញា ឆ្នាំ២០២១) បានបញ្ជាក់ថា ក្រោយពេលមានការអនុញ្ញាត ពីលោក រ៉ូឌ្រីហ្គោ ឌូទើរតេ (Rodrigo Duterte) ប្រធានាធិបតី នោះមក ក្រសួងអប់រំហ្វីលីពីន នឹងបើកសាលារៀនសាកល្បងឡើងវិញ ចំនួន១២០ ​។ នេះជាការបើកសាលារៀនឡើងវិញ ​លើកដំបូង ចាប់តាំងពីការផ្ទុះការរាតត្បាត ពីជំងឺកូវីដ-១៩មក។​

លោក ហារី រ៉ូហ្គេ (Harry Roque) អ្នកនាំពាក្យ ប្រធានាធិបតីហ្វីលីពីន បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ថា «យើងត្រូវតែសាកល្បងបើកសាលារៀនឡើងវិញ ដើម្បីអនុញ្ញាតឲ្យសិស្ស អាចរៀនទល់មុខគ្នាបាន ​ព្រោះករណីនេះ មិនមែនគ្រាន់តែជាបញ្ហា សម្រាប់ការអប់រំប៉ុណ្ណោះទេ ប៉ុន្តែវាជាបញ្ហាធំ សម្រាប់សុខភាពផ្លូវចិត្តរបស់កុមារ​។ ក្រៅពីនេះ វា​ក៏ជាបញ្ហាសេដ្ឋកិច្ចផងដែរ ដោយសារយើងបាត់បង់ការសិក្សា​មួយ​ជំនាន់ ប្រសិនបើយើងមិនមានថ្នាក់សិក្សារៀនទល់មុខគ្នានោះទេ»។

ហ្វីលីពីន បាន​បិទសាលារៀន នៅទូទាំងប្រទេស ចាប់តាំងពីខែមីនា ឆ្នាំ២០២១ បន្ទាប់ពីមានការផ្ទុះការរាតត្បាត ពីជំងឺកូវីដ-១៩។ ប៉ុន្ដែរហូតមកដល់ពេលនេះ ហ្វីលីពីន ​បានចាប់ផ្ដើមសាកល្បង បើកសាលារៀនឡើងវិញ ស្របគ្នានឹងនៅតាមបណ្ដាប្រទេសនានា ស្ទើរទាំងអស់ នៅលើពិភពលោក បានត្រៀមរួចរាល់ សម្រាប់ការបើកសាលារៀនឡើងវិញ ដើម្បីឲ្យសិស្សបាន​សិក្សាទល់មុខគ្នា នៅក្នុងថ្នាក់សិក្សា។​

លោក Rodrigo Duterte ប្រធានាធិបតិហ្វីលីពីន នៅថ្ងៃចន្ទ (ទី២០ ខែកញ្ញា ឆ្នាំ២០២១) បានណែនាំដល់មន្រ្ដីក្រសួងអប់រំ ត្រូវតែបើកសាលារដ្ឋរាប់រយកន្លែង នៅក្នុងតំបន់នានា ដែលគិតថា មានគ្រោះថ្នាក់តិចតួច ពីការចម្លងមេរោគកូវីដ-១៩នេះ។​​ ថ្នាក់សិក្សា នឹងត្រូវបើកឡើងវិញ ចាប់ពីថ្នាក់មត្ដេយ្យ រហូតដល់វិទ្យាល័យ។ ប៉ុន្ដែចំនួនសិស្ស និងម៉ោងសិក្សាទល់មុខគ្នា ក៏ត្រូវបានកំណត់ផងដែរ។​

លោក Leonor Briones រដ្ឋមន្រ្ដីក្រសួងអប់រំហ្វីលីពីន បានបញ្ជាក់ថា «ប្រសិនបើការបើកសាលារៀនសាកល្បងនេះ មានសុវត្ថិភាព និងមានប្រសិទ្ធភាពនោះ យើងនឹងបើកជាបណ្ដើរៗឡើងវិញ នៅទូទាំងប្រទេសតែម្ដង»។

បើតាមគេហទំព័រ Worldometer ចេញផ្សាយ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០២១ ថា ហ្វីលីពី រកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ចំនួន ១៨ ៩៣៧នាក់ និងករណីស្លាប់ថ្មី ១៤៦នាក់។ ហ្វីលីពីន មានអ្នកឆ្លងកូវីដ-១៩ សរុប ២ ៣៨៥ ៦១៦នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៣៦ ៩៣៤នាក់ និង មានអ្នកជាសះស្បើយ ២ ១៧១ ៨៣២នាក់។ ដោយឡែកអ្នកជំងឺ ១៧៦ ៨៥០នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ហើយក្នុងនោះ មានអ្នកឈឺធ្ងន់ ៣ ១៧០នាក់៕​