រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញ តារាចម្រៀងប្រចាំក្នុងផលិតកម្ម សាន់ដេ លោក អ៊ីណូ បានសម្រេចចិត្តក្រាមផ្ទឹមចូលរោងការតាមប្រពៃណីខ្មែរ ជាមួយកូនស្រីអ្នកជំនួញ នៅក្នុងខេត្តបន្ទាយមានជ័យ បន្ទាប់ពីពួកគេបានស្វែងយល់ចិត្តថ្លើមគ្នា អស់រយៈពេល២ឆ្នាំរួចមក។ ពិធីរៀបការរបស់តារាចម្រៀង អ៊ីណូ និងភរិយារូបស្រស់វ័យ២៣ឆ្នាំ គឺធ្វើឡើងលក្ខណៈតូចតាចស្ងាត់ៗ គ្រាន់តែមានការដឹងឮពីសំណាក់ចាស់ទុំមេបាទាំងសងខាង ព្រោះតែការឆ្លងរីករាលដាលជំងឺកូវីដ។
លោកអ៊ីណូ អ្នកកាសែតថា លោកពិតជាបានចូលរោងការតាមប្រពៃណីខ្មែរជាមួយគូស្នេហ៍មែន តាមរយៈការសែនព្រេន ដោយមានចាស់ទុំទាំងសងខាងជុំគ្នាទាំងអស់រួចរាល់ហើយ ព្រោះថាសម័យនេះ គឺមិនអាចធ្វើពិធីធំដុំបាននោះទេ។ តាមពិតទៅភរិយារបស់លោកជាមនុស្សមានគំនិតចាស់ទុំ ថ្វីត្បិតតែមានវ័យទើបតែ២៣ឆ្នាំក្ដី ហើយក៏ជាមនុស្សមិនសូវចេះនិយាយច្រើន និងមិនស៊ីវីល័យពេកដែរ ព្រោះជាកូនអ្នករកស៊ី ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ។
តារាចម្រៀង អ៊ីណូ បញ្ជាក់ថា ក្រោយស្ថានភាពនៃជំងឺកូវីដ១៩ បានធូរស្បើយ រូបលោកនឹងរៀបចំពិធីកាត់ចំណងដៃទ្រង់ទ្រាយធំម្ដងទៀត ដោយអញ្ជើញភ្ញៀវកិត្តិយសដែលលោកធ្លាប់ស្គាល់ សាច់ញាតិទាំងសងខាង និងមិត្តភក្តិសិល្បៈទាំងអស់ ឲ្យចូលរួមអបអរសាទរផងដែរ៕