រដ្ឋធានីសេអ៊ូល៖ ក្រោយពេលមានជម្លោះការទូត​ កាន់តែខ្លាំងក្លា រវាង​បារាំង និងអូស្រ្ដាលី សហរដ្ឋអាមេរិក ហើយចក្រភពអង់គ្លេស ជុំវិញការកសាងនាវាមុជទឹក ក្រោមកិច្ចព្រមព្រៀងសន្ដិសុខថ្មី ដែលនាំឲ្យរដ្ឋាភិបាលកង់បេរ៉ា លុបចោលកុងត្រា ​មានតម្លៃ៣៣ពាន់លានដុល្លារជាមួយនឹងបារាំងនោះ មន្ដ្រីកូរ៉េខាងជើង ​ចាត់ទុកកិច្ចព្រមព្រៀង Aukus នេះ អាចជំរុញឲ្យមានការប្រកួតប្រជែងសព្វា​វុធនុយក្លេអ៊ែរ នៅក្នុងតំបន់ ។

​សារព័ត៌មានសិង្ហបុរី CNA  បានចេញផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ថា រដ្ឋមន្រ្ដីការបរទេសកូរ៉េខាងជើង បានថ្លែង នៅថ្ងៃចន្ទ (ទី២០ ខែកញ្ញា) ថា សម្ពន្ធមិត្តថ្មីរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងកិច្ចព្រមព្រៀងផលិតនាវាមុជទឹករបស់សហរដ្ឋអាមេរិក ជាមួយនឹងអូស្រ្ដាលី ដែលគេស្គាល់ថា «​Aukus» កាលពីពេលថ្មីៗនេះ អាចជំរុញឲ្យមានការប្រកួតប្រជែកសព្វាវុធនុយក្លេអ៊ែរ កាន់តែខ្លាំងឡើង​។​

សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសពីកិច្ចព្រមព្រៀងសន្ដិសុខត្រីភាគីថ្មី ជាមួយអូស្រ្ដាលី និងចក្រភពអង់គ្លេស ដែលមានឈ្មោះ «Aukus» ។ កិច្ចព្រមព្រៀងនេះ ​ជាដៃគូយុទ្ធសាស្រ្ដ  សម្រាប់ទប់ទល់នឹងឥទ្ធិពលរបស់ចិន ដែលកំពុងតែកើនឡើង នៅក្នុងតំបន់។ ក្រោមកិច្ចព្រមព្រៀង Aukus សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស នឹងជួយកសាងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ដល់កងទ័ពជើងទឹកអូស្រ្ដាលី។​

សារព័ត៌មាន KCNA គ្រប់គ្រងដោយរដ្ឋ កូរ៉េខាងជើង បានដកស្រង់សម្ដីរបស់មន្រ្ដីក្រសួងការបរទេសកូរ៉េខាងជើង ម្នាក់ យ​កមកចុះផ្សាយថា «សកម្មភាពទាំងនេះ ជាទង្វើ​មិនចង់បាន ព្រោះវានាំឲ្យមានគ្រោះថ្នាក់បំផុត ចំពោះការ​ធ្វើឱ្យតុល្យភាព​យុទ្ធសាស្ត្រ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយវា​​បង្កឱ្យមានការប្រកួតប្រជែងសព្វា​វុធនុយក្លេអ៊ែរ នៅក្នុងតំបន់ថែមទៀតផង»​។ ​

កិច្ចព្រមព្រៀងសន្ដិសុខថ្មី «Aukus» នេះ កំពុងតែបង្កឲ្យមានជម្លោះការទូតជាមួយនឹងប្រទេសបារាំង ក្រោយពេលអូស្រ្ដា លីលុបចោលកុងត្រា មានតម្លៃ៣៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងប្រទេសមហាអំណាចលោកខាងលិចមួយនេះ នៅក្នុងការសាងសង់នាវាមុជទឹក ចំនួន១២គ្រឿង។ ជាមួយនឹងជម្លោះការទូតនេះ លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង ក៏បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក និង អូស្រ្ដាលី ឲ្យវិលត្រឡប់មកកាន់ប្រទេសវិញ ដើម្បីប្រឆាំងតវ៉ានឹងកិច្ចព្រមព្រៀង Aukus នេះ។ ក្រៅពីនេះ បារាំងក៏បានលុបចោលជំនួប រវាងរដ្ឋមន្រ្ដីការពារជាតិចក្រភពអង់គ្លេស និង បារាំង ថែមទៀត៕​