ថៃ ៖ ប្រភពអ៊ីនធឺណេតមួយ បានចែករំលែកវីដេអូឃ្លីបពីកម្មវិធី TikTok ដែលអ្នកប្រើប្រាស់ @chrisz42 បានប្រាប់ពីរឿងទិញសត្វប្រឡាំងកាសពីរ ពីផ្សារដោយបញ្ជាក់ថា ឈ្មួញនិយាយថាពួកគេអាចញ៉ាំបាន។ ប៉ុន្តែពេលនាំយកទៅពិនិត្យមើលគេបានរកឃើញថា សត្វប្រឡាំងកាសទាំងពីរមានកន្ទុយមូល វាប្រហែលជាសត្វប្រឡាំងកាសដែលមានជាតិពុល។ ហេតុនេះហើយទើបបណ្តាលឱ្យគាត់ សំរេចចិត្តបើកឡានជិត ១០០ គីឡូម៉ែត្រ ដើម្បីនាំយកសត្វប្រឡាំងកាសនោះ ទៅលែងនៅសមុទ្រហើយបានបញ្ជាក់ថា“ សត្វប្រឡាំងកាសនោះមិនទាន់ងាប់ទេ សំណាងល្អ ប៉ុន្តែប្រសិនបើអ្នកញ៉ាំវា អ្នកច្បាស់ជាងាប់មុនវាជាមិនខាន” ។

ដោយរឿងនេះបានធ្វើឲ្យ អ្នកលេងអ៊ីនធឺណេតជាច្រើនបានបញ្ចេញមតិថា “ សំណាងហើយដែលមិនបានញ៉ាំវា “។ ដោយសារតែសម្លឹងមើលកន្ទុយវាច្បាស់ជាសត្វប្រឡាំងកាសពុល។ រួមជាមួយនឹងការកោតសរសើរដែលម្ចាស់ឃ្លីប បានបើកឡាននាំយកសត្វប្រឡាំងកាសចេញទៅបោះចូលក្នុងសមុទ្រ។ ចំពោះសត្វប្រឡាំងកាសដែលអាចបរិភោគបាន គឺជាសត្វប្រឡាំងកាស ដែលមើលទៅកន្ទុយត្រូវមានកន្ទុយរាងការ៉េ។

ចំពោះសត្វប្រឡាំងកាស ដែលមានកន្ទុយមូល គឺជាសត្វប្រឡាំងកាសដែលមានពិស ហើយអាចបណ្តាលឱ្យស្លាប់បាន ព្រោះតែវាគឺជាសារធាតុដូចគ្នាដែលមាននៅក្នុងត្រីផូភឺរ។ដោយសារធាតុទាំងនេះគឺធ្វើឲ្យប៉ះពាល់ទៅដល់ប្រព័ន្ធដង្ហើមរហូតដល់ស្លាប់។
អត្ថបទដោយ ៖ សុផានីត