រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានប្រើប្រាស់គ្រឿងញៀនហូសកម្រិត (បែកថ្នាំ) ហើយបានដុតផ្ទះខ្លួនឯង បណ្ដាលឱ្យជីដូនបង្កើតអាយុ៨០ឆ្នាំ ត្រូវស្លាប់នៅក្នុងភ្នក់ភ្លើង។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង៤៥នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
លោកយាយរងគ្រោះ មានឈ្មោះ រស់ ហឹមយ៉ា អាយុ៨០ឆ្នាំ។ ចំណែក ចៅប្រុសជាជនបង្ក មានឈ្មោះ វូ ម៉ានមាន អាយុ៣៣ឆ្នាំ។លោកសេង វ៉ាន់ថា ចៅរងទី១ សង្កាត់ស្ទឹងមានជ័យ២ បានឱ្យដឹងថា ករណីអគ្គិភ័យនេះបង្កឡើងដោយចៅប្រុសយាយរងគ្រោះ ដែលជាជនបែកថ្នាំ ដោយដុតផ្ទះធ្វើពីថ្មក្រោមឈើលើមានទំហំ៨ ម៉ែត្រនឹងគុណ១៥ម៉ែត្រ តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ កន្លងមក បុរសវបង្ក ត្រូវបានក្រុមគ្រួសារយកទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន២ដងមកហើយ ប៉ុន្តែនៅតែដដែល។លោកសេង វ៉ាន់ថា បញ្ជាក់ថា ករណីនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ចុះទៅអន្តរាគមន៍ រហូតគ្រប់គ្រងស្ថានការណ៍បាន។ ដោយឡែកចៅប្រុសជាជនបង្ក ត្រូវសមត្ថកិច្ចចាប់ខ្លួនយកទៅចាត់ការតាមផ្លូវច្បាប់។ រីឯសពស្រ្តីរងគ្រោះសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕