រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានស្គាល់នារីម្នាក់តាមហ្វេសប៊ុក រហូតណាត់គ្នាដើរផឹកស៊ី តែដឹងអី ត្រូវនារីរូបនេះ បានប្រើល្បិចខ្ចីម៉ូតូដោយប្រាប់ថា ទៅទិញសាច់ក្លែម ហើយក៏ស៊ីដាច់បាត់ខ្លួនឈឹងទាំងមនុស្សនិងម៉ូតូ ។ លុះរំលងបានជាង១០ថ្ងៃ គឺនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ទើបបុរសជាម្ចាស់ម៉ូតូប្រទះឃើញនារីជើងល្អនោះ នៅចំណុចប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក៏ចាប់ក្របួចប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមផ្លូវច្បាប់តែម្តង។
សមត្ថកិច្ច បានឲ្យដឹងថា នារីសង្ស័យមានឈ្មោះ ពូន រចនា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ អន ម៉ន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-1727 ដែលនារីសង្ស័យស៊ីដាច់។
ជនរងគ្រោះបានឲ្យថា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១និង១០នាទីរសៀល ខ្លួននិងនារីសង្ស័យដែលស្គាល់គ្នាតាមហ្វេសប៊ុក បានណាត់គ្នាមកផឹកស៊ីនៅផ្ទះមិត្តភ័ក្ដិស្រីម្នាក់ទៀតឈ្មោះ តឿ ស្ថិតនៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ពេលនារីសង្ស័យបានប្រើល្បិចខ្ចីម៉ូតូរបស់គេ ដោយបានប្រាប់ថា ទៅទិញសាច់ក្លែមយកមកហូប ហើយក៏បាត់ខ្លួនឈឹងតែម្តង ទាំងម៉ូតូទាំងមនុស្ស។
ជនរងគ្រោះបន្តថា ភ្លាមៗនោះ រូបគេបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ ។ លុះនៅវេលាម៉ោងកើតហេតុ គឺម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ទើបរូបគេប្រទះឃើញនារីសង្ស័យដើរនៅម្តុំភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក៏បាននាំជនសង្ស័យមកប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ភ្លាមៗ ដើម្បីអោយសមត្ថកិច្ចសួរនាំតែម្តង។
នារីសង្ស័យត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕