សិង្ហបុរី៖ ចាប់តាំងពីការផ្ទុះឡើងជាឡើងដំបូង នៃជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ មានអ្នកបាត់បង់ជីវិត ត្រឹមតែ៦០នាក់ប៉ុណ្ណោះ នៅ​សិង្ហបុរី ហើយប្រទេសអាស៊ានមួយ មាន​អ្នកចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺដ៏កាចសាហាវ គ្រប់ដូសរួចរាល់​ចំនួន៨២ភាគរយ ចំណែករដ្ឋាភិបាល ក៏បានប្រកាសផងដែរថា ​បច្ចុប្បន្នយើងនឹងរស់នៅជាមួយនឹងស្ថានភាពជំងឺកូវីដ-១៩។​

​សារព័ត៌មាន Al Jazeera បានផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ថា រដ្ឋាភិបាល បានប្រកាស កាលពីខែមិថុនា ឆ្នាំ២០២១ ថា សិង្ហបុរី នឹងធ្វើដំណើរ ឆ្ពោះទៅរកយុទ្ធសាស្ត្រ «​រស់នៅជាមួយជំងឺកូវីដ-១៩»។ ស្ថានភាពបែបនេះ រដ្ឋាភិបាលត្រូវ​ផ្តោតទៅលើការតាមដាន និងព្យាបាលការផ្ទុះកូវីដជាចង្កោម ​ដោយការចាក់វ៉ាក់សាំង និង ព្យាបាល នៅតាមមន្ទីរពេទ្យ។ ប៉ុន្ដែ​រដ្ឋាភិបាល នឹងមិនមានវិធានការបិទប្រទេស បិទព្រំដែន និងធ្វើការនៅតាមផ្ទះនោះឡើយ ព្រោះវាជាជំងឺរាតត្បាត​ នៅទូទាំងពិភពលោក។​

មន្រ្ដីសុខាភិបាលសិង្ហបុរី កាលពីថ្ងៃទី១៩ ខែកញ្ញា បានរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ១ ០១២ តែមិនមានករណីស្លាប់។​​​​ សិង្ហបុរី មានអ្នកឆ្លងកូវីដ-១៩ សរុប ៧៧  ៨០៤នាក់ ហើយក្នុងនោះមានអ្នកស្លាប់៦០នាក់ និងមានអ្នកជាសះស្បើយ ចំនួន ៧០ ៦០០នាក់៕​