រាជធានីភ្នំពេញ៖ នាមុននេះបន្តិចតាមរយៈហ្វេសប៊ុលោកបណ្ឌិត សេង សារី បានបង្ហោះសារដ៏ចាក់ដោតមួយជូនទៅក្រុមគ្រួសាររបស់លោក ដែលមើលទៅសារនោះបានបង្ហាញពីអាការៈសប្បាយចិត្តឥតឧបមា ដែលលោកបានរួចផុតពីការចាបខ្លួន ក្រោយសម្ដេច ហ៊ុន សែន បានស្នើឱ្យស្ថាប័នតុលាការបញ្ឈប់ការតាមចាប់លោកបណ្ឌិត សេង សារី អ្នកវិភាគសង្គម និងនយោបាយ។ ការស្នើឱ្យបញ្ឈប់ការចាប់ខ្លួនលោក សេង សារី នេះធ្វើឡើង៤ថ្ងៃ ក្រោយពីសម្ដេច មើលឃើញថា លោក សេង សារី មានបំណងគាំទ្រចលនារដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលជាសកម្មភាពរបស់លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។ សម្ដេច ស្នើឱ្យតុលាការចាប់លោក សេង សារី កាលពីថ្ងៃទី១៧ កញ្ញា។

ជាក់ស្ដែងនៅលើសារបង្ហោះសាររបស់លោកបណ្ឌិត សេង សារី បានរៀបរាប់ឲ្យដឹងថា៖ «ម៉ែអាចទៅវត្តនៅថ្ងៃកាន់បិណ្ឌខាងមុននេះបានហើយ ម៉ែមិនបាច់បារម្ភពីអ្នកណាថាឲ្យម៉ែមានកូនជាជនក្បត់ជាតិទេ! ប្រពន្ធសម្លាញ់ អូនអាចបើកទ្វារបង ឲ្យកូនរត់លេងវិញបានហើយ!»។

សម្ដេច ហ៊ុន សែន ចាត់ទុកការវិភាគរបស់លោក សេង សារី អំពីសេនារីយោ ៦ ចំណុច កាលពីថ្ងៃទី ២១ កក្កដា ២០២១ កន្លងមកថា ជាការបកស្រាយមានលក្ខណៈសមហេតុផលនិងអាចទទួលយកបានក្នុងនាមប្រមុខរដ្ឋាភិបាល។ ប្រមុខរដ្ឋាភិបាល បាននិយាយបែបនេះថា៖«ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នតុលាការពិនិត្យពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី»។

ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន លើកទឹកចិត្តឱ្យលោកបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ដល់កាសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។«ខ្ញុំក៏អំពាវនាវឱ្យភរិយា កូននិងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំឱ្យមានការព្រួយបារម្ភ»។ នេះបើតាមប្រមុខរដ្ឋាភិបាល។

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក សេង សេរី ដែលជាអ្នកវិភាគពីបញ្ហាសង្គមនិងនយោបាយ បានសរសេរលើទំព័រហ្វេសប៊ុកក្នុងន័យចោទសួរថា តើការផ្តួចផ្តើមគំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ អាចទៅរួច ឬមិនរួច? តើកម្លាំង៦ចំណុច អាចធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា តាមការអំពាវនាវរបស់លោក សម រង្សី ដែរឬទេ?

កម្លាំងទាំង៦ចំណុចនោះ គឺកម្លាំងអ្នកគាំទ្រអតីតគណបក្សប្រឆាំង កម្លាំងមហាជន កម្លាំងយុវជន កម្លាំងផ្ទៃក្នុងគណបក្សកាន់អំណាច កម្លាំងប្រដាប់អាវុធ និងកម្លាំងអន្តរជាតិ-កម្លាំងប្រទេសជិតខាង។

សម្តេចនាយករដ្ឋមន្រ្តី ហៅការលើកឡើងពីកម្លាំងទាំង៦របស់លោក សេង សារី ថាមានលក្ខណៈគាំទ្រ និងលើកទឹកចិត្តឲ្យមានការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី។ មេដឹកនាំរូបនេះ ថ្លែងថា៖«មើយកមកសួរមើល អា៦ចំណុច ជាលក្ខខណ្ឌសម្រាប់បង្កើតរដ្ឋាភិបាលក្រៅប្រទេស»។

បច្ចុប្បន្នបណ្ឌិត សេង សារី កំពុងនៅទីក្រុងបាងកក ប្រទេសថៃហើយ៕