រាជធានីភ្នំពេញ​ ៖ ក្នុងសង្គមជីវិតបច្ចុប្បន្ននេះមានមនុស្សជាច្រើនដែលមានគោលបំណង ការប្រាថ្នាចង់ឲ្យជីវិតរបស់ខ្លួនដើរដល់ចំណុចជោគជ័យមួយ ឬអាចសម្រេចបាននូវអ្វីដែលខ្លួនធ្លាប់បានសង្ឃឹម។ ក្នុងនោះផងដែរ ក៏មានមនុស្សមួយចំនួនហាក់បានសម្រេចចិត្តបោះបង់គោលដៅរបស់ខ្លួនក្រោយពេលដើរទៅមិនដល់ ឬមិនព្រមបន្តក្ដីសង្ឃឹមសូម្បីតែបន្តចបន្តួច ដោយសម្រេចចោលគ្រប់បែបយ៉ាងដែលខ្លួនធ្លាប់មានគម្រោងថានឹងត្រូវតែសម្រេច។ ជាលទ្ធផល មនុស្សដែលបោះបង់ក្ដីសង្ឃឹមត្រូវបានជួបប្រទះការបរាជ័យ ជួបភាពឈឺចាប់ ឬកាន់តែពិបាកជាងពេលមុនក៏មាន។

ជាការពិតណាស់ ក្ដីសង្ឃឹមពុំដែលដើរចោល ឬបោះបង់នរណាម្នាក់ចោលនោះឡើយ ក្ដីសង្ឃឹមតែងតែឈរលើកដៃរង់ចាំអ្នកដោយស្នាមញញឹម ខណៈខ្លួនអ្នកទៅវិញទេដែលសម្រេចចិត្តបោះបង់ក្ដីសង្ឃឹមចោល ហើយមកអង្គុយកើតទុក្ខឥតល្ហែរ ហើយថែមទាំងត្អូញថាខ្លួនពុំអាចទៅរួច។ បញ្ហាទោះបីធំ ឬតូចក្ដីសុទ្ធតែមានដំណោះស្រាយរបស់វាទាំងអស់ កុំឆាប់សម្រេចចិត្តបោះបង់វាចោល ហើយបោលទៅរកភាពបរាជ័យទាំំងដែលខ្លួនអាចនៅមានសមត្ថភាពដើរទៅមុខបានសោះ។

ជីវិតនេះ អ្នកដែលពុំបោះបង់ក្ដីសង្ឃឹមគឺជាអ្នកដែលអាចស្គាល់ការជោគជ័យបាន ចូររីករាយជាមួយនឹងខ្លួនឯង ទោះបីជាអ្នកមានក្ដីសង្ឃឹមតិចតួចក៏គង់ដើរទៅដល់គោលដៅដែលប៉ងទុកបានដែរ កុំឲ្យតែមានក្ដីសង្ឃឹមតិចតួចហើយ បែរជាបោះបង់វាចោលទៅវិញនោះ៕ អត្ថបទដោយ ៖ ប៊ុត បឋវី