រដ្ឋធានីវ៉ាស៊ីនតោន៖ ជនចំណាកស្រុក មកពីប្រទេសហៃទី ប្រហែលជាង១០ ០០០នាក់ បានប្រមូលផ្ដុំគ្នា ​ស្នាក់នៅក្រោមស្ពាន ស្ថិតក្នុងរដ្ឋតិចសាស់ ត្រូវសហរដ្ឋអាមេរិក ចាប់បញ្ជូនតាមយន្ដហោះ វិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។

សារព័ត៌មាន BBC  បានចេញផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក បានចាប់ផ្តើមដឹក និងបញ្ជូនជនចំណាកស្រុក មកពីប្រទេសហៃទី ដែលហូរចូលមក កាលពីសប្ដាហ៍មុន ចេញពីទីក្រុងជាប់មនឹងព្រំដែនរដ្ឋតិចសាស់​។

បើតាមទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា សហរដ្ឋអាមេរិក ​បានដឹកជញ្ជូនជនចំណាកស្រុកជនជាតិហៃទី តាមផ្លូវអាកាស ចំនួន៣ជើង ហើយបានចុះចត នៅអាកាសយានដ្ឋាន ផត-អូ- ប្រាំង (​Port-au-Prince)  ប្រទេសហៃទី កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។ នៅក្នុងជើងហោះហើរ នីមួយៗ ​ដឹកបានជនជាតិហៃទី ចំនួន១៤៥នាក់ ហើយបានបញ្ជូនពួកគេទៅដល់ប្រទេសកំណើតវិញ។​

អាជ្ញាធរ​នៅក្នុងតំបន់ បានបញ្ជាក់ ជនអន្ដោប្រវេសន៍ ប្រហែល១៣ ០០០នាក់ បានប្រមូលផ្ដុំគ្នា នៅក្រោមស្ពាន ​តភ្ជាប់ពី​ទីក្រុង​ Del Rio ស្ថិតក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ទៅកាន់ទីក្រុង​ Ciudad Acuña ប្រទេសម៉ិកស៊ិក។ ជនចំណាកស្រុកទាំងនេះ កំពុងរង់ចាំ នៅក្នុងជំរំបណ្ដោះអាសន្ន ដែល​សីតុណ្ហភាព ៣៧អង្សាសេ។

​បើតាមបទបញ្ជាសុខាភិបាលសាធារណៈគ្រាអាសន្នរបស់សហរដ្ឋអាមេរិក ដែលគេស្គាល់ចំណងជើង ៤២ អនុញ្ញាឲ្យអាជ្ញាធរទាំងអស់ មានសិទ្ធិបណ្ដេញជនចំណាកស្រុកទាំងនោះ ចេញ មុនពេលពួកគេអាចសុំសិទ្ធិជ្រកកោណ។ ទោះជាយ៉ាងណា មន្រ្តីក្នុងតំបន់ កំពុងតែប្រឈម​នឹងការលំបាក ក្នុងការផ្តល់អាហារ និងអនាម័យឲ្យគ្រប់គ្រាន់ ដល់ជនចំណាកស្រុក នៅទីក្រុង Del Del ​​៕