រដ្ឋធានីប៉ារីស៖ ក្រោយពេលបង្កើតកិច្ចព្រមព្រៀង Aukus ​ភ្លាម ​អូស្រ្ដាលីបានសម្រេចចិត្ត លុបចោលកុងត្រាសាងសង់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ មានតម្លៃយ៉ាងតិច៥០ពាន់លានដុល្លារជាមួយបារាំង ជាឯកតោភាគី ធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉ារីស ខឹងសម្បាយ៉ាងខ្លាំង ហើយបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក និង អូស្រ្ដាលី ឲ្យវិលត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញ ដែលជាសញ្ញាបង្ហាញ ពីវិបត្ដិការទូតកំពុងតែធ្លាក់ចុះ ហើយជា​ការប្រឆាំងនឹងទង្វើរបស់រដ្ឋាភិបាលកង់បេរ៉ា​។

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្ដាលី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសពីកិច្ចព្រមព្រៀងសន្ដិសុខជាប្រវត្ដិសាស្រ្ដថ្មីមួយ ត្រូវគេស្គាល់ថា «Aukus» ។ បើតាមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងចែករំលែកបច្ចេកវិទ្យាលើវិស័យការពារជាតិរបស់ពួកគេ ​ជួយដល់អូស្រ្ដាលី ឲ្យមានសមត្ថភាពកសាងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរជាច្រើនគ្រឿង សម្រាប់កងទ័ពជើងទឹករបស់ប្រទេសនេះ។ ដោយសារតែ Aukus នេះ ទើបអូស្រ្ដាលីបានសម្រេចចិត្ត លុបចោលកុងត្រាសាសង់នាវាមុជទឹក ដែលមានតម្លៃ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងប្រទេសបារាំង ទើបធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉ារីសខឹងសម្បាយ៉ាងខ្លាំង។​

លោក ហ្សង់ អ៊ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) រដ្ឋមន្ត្រីការបរទេសបារាំង បានថ្លែង កាលពីថ្ងៃទី១៧ ខែកញ្ញា​ (វេលានៅទីក្រុងប៉ារីស) ថា «បារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក និងអូស្រ្ដាលី ឲ្យវិលត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញ។ នេះជាការសម្រេចចិត្តដ៏កម្រកើតមានបំផុត ត្រូវបានធ្វើឡើង ដោយលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង ដោយយោងទៅតាមស្ថានភាពធ្ងន់ធ្ងរ នៃបញ្ហានេះ»។​

លោក Jean-Yves Le Drian បានគូសបញ្ជាក់​ថា «ការបោះបង់ចោលគម្រោងទិញនាវាមុជទឹក (បារាំង)… និងការប្រកាសភាពជាដៃគូថ្មីជាមួយសហរដ្ឋអាមេរិក ដែលមានគោលបំណង បើកការស្រាវជ្រាវថ្មី សម្រាប់កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរថ្មី (ការជួយអូស្ត្រាលី ឲ្យទទួលបានបច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ពីសំណាក់អាមេរិក និងអង់គ្លេស) នាពេលអនាគត ​ជាអាកប្បកិរិយា មិនអាចទទួលយកបានឡើយ ក្នុងនាមប្រទេសជាសម្ពន្ធមិត្តនឹងគ្នា។ ករណីនេះជាផលវិបាកដ៏ធ្ងន់ធ្ងរមួយ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងបំផុតទៅដល់​​សម្ពន្ធភាពរបស់យើង និងភាពជាដៃគូដ៏មានសា​រសំខាន់ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់សហភាពអឺរ៉ុប»។

ក្រោយពេលសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ដ្រាលី​បានចុះកិច្ចព្រមព្រៀង Aukus នេះ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកញ្ញា ឆ្នាំ២០២១) ភ្លាម  អូស្ត្រាលីបានប្រកាសលុបចោល គម្រោងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានតម្លៃជាទឹកប្រាក់ ៥០ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន ណាវ៉ាល់ គ្រុប (Naval Group) ​នៅក្នុងប្រទេសបារាំង។ ឥឡូវ អូស្រ្ដាលី បាន​យកគម្រោងផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរដដែលនេះ មកផលិត ក្រោម​បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងចក្រភភពអង់គ្លេស តាមរយៈកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី (A-UK-US)​៕​