រាជធានីភ្នំពេញ៖​ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានចេញមុខបកស្រាយជូនសម្ដេច ហ៊ុន សែន ករណីមន្រ្តីហាមប្រជាពលរដ្ឋមិនឱ្យសម្លាប់សត្វពពែទទួលទាន ដោយលោកបានបញ្ជាក់ជូនសម្ដេចយ៉ាងច្បាស់ៗថា ការសម្លាប់សត្វក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំមានទោសទណ្ឌ និងមានចែងនៅក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នោះទេ ហើយក៏គ្មានជាប់ពាក់ព័ន្ធទៅការប្រព្រឹត្តបទល្មើសអ្វីដែរ។

យ៉ាងណាមិញបើយោងតាមការរៀបរាប់របស់រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលបានខមមិនក្រោមវីដេអូដែលសម្ដេច ហ៊ុន សែន បានផុសមុននេះបន្តិច លោកបានសរសេរយ៉ាងដូច្នេះថា៖«ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនសម្តេច តេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា​៖ ការចិញ្ចឹមសត្វ និងការសម្លាប់សត្វក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំមានទោសទណ្ឌ និងមានចែងនៅក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នោះទេ ហើយក៏គ្មានជាប់ពាក់ព័ន្ធទៅការប្រព្រឹត្តបទល្មើសអ្វីដែរ លើកលែងតែការសម្លាប់សត្វក្នុងគោលបំណងធ្វើអាជីកម្មតែប៉ុណ្ណោះ ។ ដោយឡែកទាក់ទងទៅនឹងបញ្ហាខាងលើ ខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន ខេត្តកណ្តាល ដែលបានធ្វើការកិច្ចការនេះផ្ទាល់នឹងផ្តល់ជូនរបាយការណ៍លម្អិត ជូនសម្តេចតេជោបានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពង់បំផុតពីខ្ញុំបាទ»។

គួររំលឹកដែលថា ពាក់ព័ន្ធនឹងករណីខាងលើសម្ដេច ហ៊ុន សែន បានបង្ហាញការហួសចិត្ត និងអាណិតប្រជាជនជាទីគោរពស្រលាញ់ជាពន់ពេក ដែលមានមន្រ្ដីមួយចំនួនបានអនុវត្តច្បាប់បែបនេះដាក់ប្រជាជន ៕