រដ្ឋធានីហាណូយ៖ ថ្វីបើក្រុមហ៊ុនផលិតរថយន្ដជាច្រើន បានទម្លាក់​តម្លៃយ៉ាងខ្លាំង ដើម្បីជួយជំរុញតាមតម្រូវការយ៉ាងណាក្ដី ក៏ទីផ្សាររថយន្ត នៅក្នុងប្រទេសវៀតណាម នៅតែបន្ដធ្លាក់ចុះ យ៉ាងខ្លាំង ហើយការលក់ប្រចាំខែ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ កាលពីខែសីហា ឆ្នាំ២០២១ ​លក់រថយន្តបានតិចជាង ៩ ០០០ គ្រឿង។

​សារព័ត៌មានវៀតណាម (Vietnam Net)​ បានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែកញ្ញា ថា បើតាមសមាគមក្រុមហ៊ុនផលិតរថយន្ដវៀតណាម (VAMA) បានឲ្យដឹងថា នៅក្នុងខែសីហា កន្លងទៅថ្មីៗនេះ ការលក់រថយន្ដ ​សរុបបានត្រឹមតែ ៨ ៨៨៤គ្រឿងប៉ុណ្ណោះ។ ពោល គឺធ្លាក់ចុះ រហូតដល់៤៥ភាគរយ បើធៀបនឹងខែកក្កដា។ នេះ​ជាខែទី៥ជាប់ៗគ្នា​ នៃទីផ្សាររថយន្ត បានកត់ត្រា អំពីការលក់ធ្លាក់ចុះ​ និងជាខែដែលមានការលក់ទាបបំផុត នៅក្នុងប្រវត្តិសាស្ត្រ ទីផ្សាររថយន្តវៀតណាម ចាប់តាំងពីឆ្នាំ២០១៥មក។​

ចាប់តាំងពីរលកទី៤ នៃជំងឺកូវីដ-១៩ផ្ទុះឡើង ការលក់រថយន្ដ ប្រចាំខែ​ បានចាប់ផ្ដើម ធ្លាក់ចុះ តាំងពីខែមេសា ឆ្នាំ២០២១មក ដោយធ្លាក់ចុះ៣,៧ភាគរយ បើធៀបនឹងខែមីនា​ ។ រីឯការលក់រថយន្ដ នៅក្នុងខែឧសភា បានបន្ដធ្លាក់ចុះ ១៥ភាគរយបន្ថែមទៀត បើធៀបនឹងខែមេសា។ ចំណែកការលក់រថយន្ដ នៅក្នុងខែមិថុនា បានធ្លាក់ចុះ៨ភាគរយ បើធៀបនឹងខែឧសភា។ អ្វីដែលរឹតតែធ្លាក់ចុះខ្លាំងបន្ថែមទៀតនោះ គឺ​ខែកក្កដា ការលក់រថយន្ដ បានថយចុះ​រហូតដល់៣២ភាគរយ បើធៀបនឹងខែមិថុនា។​

សមាគមក្រុមហ៊ុនផលិតរថយន្ដវៀតណាម (VAMA) បានឲ្យដឹងទៀតថា ចាប់តាំងពីការផ្ទុះឡើង រលកទី៤ នៃជំងឺកូវីដ-១៩មក បណ្ដាក្រុមហ៊ុនជាច្រើនជាំសមាជិក  VAMA  ជូនកាលត្រូវពន្យារពេលការផលិត។ ក្រុមហ៊ុនខ្លះ អាចបន្ដប្រតិបត្ដិការផលិត និងខ្លះទៀត នឹងនៅតែរក្សាសកម្មភាពផលិត ប្រឈមនឹងស្តុកយានយន្តដ៏ច្រើន ខណៈ​ឈ្មួញលក់រថយន្តជាច្រើនបានបិទហាងរបស់ពួកគេ។​

សមាគមក្រុមហ៊ុនផលិតរថយន្ដវៀតណាម (VAMA) បានបញ្ជាក់ថា ​ភ្នាក់ងាលក់រថយន្ដជាង២០០ នៃសមាជិក VAMA នៅតែបន្ដបិទ ហើយហាងបម្រើសេវារថយន្ដ ជាង២០០ផ្សេងទៀត មិនអាចប្រតិបត្ដិការបាន។ រីឯសកម្មភាពខ្សែសង្វាក់ផ្គត់ផ្គង់ និង​ចែកចាយ ត្រូវបានអាក់ខាន ហើយក្រុមហ៊ុនជាច្រើនទៀត បានរាយការណ៍ថា ការលក់ធ្លាក់ចុះ រហូតលដល់ជាង៦០%។​ នៅក្នុងរយៈពេល៨ខែកន្លងមកនេះ ក្រុមហ៊ុនផលិតរថយន្ដនានា ស្ថិតក្រោម​ VAMA បានលក់រថយន្ដចេញ សរុប ១៧៤ ៤០០គ្រឿង។ តួលេខនេះ ស្មើនឹងការលក់រថយន្ដ នៅក្នុងឆ្នាំ២០២០ ប៉ុន្ដែវាធ្លាក់ចុះ១៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មុនពេលការផ្ទុះឡើង នៃជំងឺកូវីដ-១៩៕