រាជធានីភ្នំពេញ៖ វាសនាមនុស្សពិតជាមើលមិនឃើញមែនតារាចម្រៀង លោក ចាន់​ សម័យ ដែលបាត់មុខពីសិល្បះអស់រយៈពេលជាង២០ឆ្នាំ រស់នៅខ្វះមុខខ្វះក្រោយរកព្រឹកបានល្ងាចរកល្ងាចបានព្រឹក បច្ចុប្បន្ននេះគេសង្កេតឃើញជីវីតរបស់លោកផ្លាស់ប្ដូរ១៨០ដឺក្រេ ដែលសព្វថ្ងៃលោកកំពុងតែកាន់មុខដំណែងដ៏ធំសម្បើមមួយគឺនាយប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យមួយមានឈ្មោះថា ក្រុមហ៊ុន C. D. Land។

រំលឹករឿងរ៉ាវសាច់រឿងជីវិត ដ៏កម្សត់ លោក ចាន់​ សម័យ និងភរិយា ព្រមទាំងកូនៗ ពិតជាជួបប្រទះនិងបញ្ហាជាច្រើន ដោយសារតែ លោក ចាន់​ សម័យ ដែលជាមេគ្រួសារទំនុកបម្រុងគ្រួសារទាំងមូល ធ្លាក់ខ្លួនមានជំងឺរបេងឆ្អឹង មិនអាចដើរបានស្រួលបួលដូចគេ រហូតលោកបង្ខំចិត្តផ្អាកពីការងារសិល្បៈ និងខិតខំរកតាមគ្រប់វិធី ដូចជាស៊ូចត្រី ចិញ្ចឹមគ្រួសារ ជាដើម។

ក្នុងនោះដែរ ក្រោយភ្លៀងមេឃស្រឡះ ដោយមានការជ្រោមជ្រែងផ្តល់កម្លាំងចិត្តពីសប្បុរសធម៌ និង មិត្តក្នុង-ក្រៅរង្វង់សិល្បៈ លោក ចាន់ សម័យ ក៏បានចូលប្រឡូកក្នុងវិស័យសិល្បៈដូចដើម ហើយលោកត្រូវបានឡើងច្រៀងតាមបណ្តាកម្មវិធីប្រគំតន្ត្រីនានា។

យ៉ាងណាមិញ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺក្នុងអំឡុងឆ្នាំ ២០២១ នេះ លោក ចាន់ សម័យ ហាក់កាន់តែមានជីវិតប្រសើរឡើងវិញហើយ ដោយលោកបាន និង កំពុងក្តាប់តំណែងជានាយប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យមួយមានឈ្មោះថា ក្រុមហ៊ុន C. D. Land​ ដែលធ្វើឲ្យមហាជនជាច្រើនមានការស្ញប់ស្ញែងយ៉ាងខ្លាំង ៕