រាជធានីកង់បេរ៉ា៖ ក្រោយការបង្កើតសន្ធិសញ្ញាត្រីភាគី ស្ដីពីវិស័យការពារជាតិរួមក សហរដ្ឋអាមេរិក បានបញ្ជូនមន្រ្ដីយោធាជំនាញទៅកាន់ប្រទេសអូស្រ្ដាលី ដើម្បីអភិវឌ្ឍមីស៊ីល ហើយសកម្មភាពបែបនេះ ត្រូវបានគេមើលឃើញថា ការត្រៀមខ្លួនទប់ទល់នឹងឥទ្ធិពលរបស់ចិន ចេះតែកើនឡើង ខណៈមហាយក្សអាស៊ីមួយនេះ កំពុងតែធ្វើយោធូបនីយកម្ម នៅក្នុងដែនសមុទ្រចិន។

បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយ នៅព្រឹក ថ្ងៃ​ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ថា ក្រសួងការពាជាតិអូស្ដ្រាលី កាលពីថ្ងៃទី១៦ ខែកញ្ញា ​បានប្រកាស ថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពរបស់ខ្លួនបន្ថែម មកកាន់ប្រទេសអូស្រ្ដាលី។  ប្រទេសជា​សម្ព័ន្ធមិត្តទាំងពីរនេះ ​នឹងរួមគ្នាអភិវឌ្ឍមីស៊ីល តាមអ្វីដែលសហរដ្ឋអាមេរិក​អះអាងថា នេះជាការទប់ទល់នឹងឥទ្ធិពលរបស់ចិន កំពុងកើនឡើងឥតឈប់ឈរ។​

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកញ្ញា ឆ្នាំ២០២១) បានប្រកាសពីកិច្ចព្រមព្រៀងជាប្រវត្ដិសាស្រ្ដថ្មីមួយលើវិស័យការពារជាតិ ដែលគេឲ្យឈ្មោះ «Aukus» ។ កិច្ចព្រមព្រៀងត្រីភាគី រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូសស្រ្ដាលីនេះ នឹងជួយ​ដល់ប្រទេសអូស្ត្រាលី ឲ្យមានសមត្ថភាពផលិតនាវាមុជទឹកជាច្រើនគ្រឿង​ដើរ ដោយថាមពលនុយក្លេអ៊ែរ។

​កិច្ចព្រមព្រៀង Aukus នេះ បានធ្វើឲ្យអូស្រ្ដាលី លុបចោលការទិញនាវាមុជទឹក ពីប្រទេសបារាំង ដែលមានទឹកប្រាក់ រហូតដល់៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ករណីនេះ បានធ្វើឲ្យលោក Emmanuel Macron (Emmanuel Jean-Michel Frédéric Macron) ប្រធានាធិបតីបារាំងខឹងសម្បា ដោយមានហេតុផលសមរម្យបំផុត។

លោក Peter Dutton រដ្ឋមន្រ្ដីក្រសួងការពារជាតិអូស្រ្ដាលី​ បានបញ្ជាក់ថា អូស្រ្តាលីនឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយនឹងសហរដ្ឋអាមេរិក ​ដោយរួមទាំងធ្វើកិច្ចការរួមគ្នា ជុំវិញការអភិវឌ្ឍមីស៊ីល និងអាវុធជាតិផ្ទុះផ្សេងៗទៀត។ ជាមួយគ្នានេះ លោក​កំពុងទន្ទឹងរង់ចាំការមកដល់ នៃកងម៉ារីនសហរដ្ឋអាមេរិក ដើម្បីផ្លាស់វេន នៅក្នុងមូលដ្ឋានយោធា ក្នុងទីក្រុងដាវីន (Darwin) នាភាគខាងជើង អូស្ត្រាលី ។ រីឯចំនួនយោធារបស់សហរដ្ឋអាមេរិក នៅ​ដែនដីភាគខាងជើង អូស្ត្រាលី ក៏នឹងកើនឡើងបន្ថែមទៀត។

ស្របពេលចិនកំពុងតែបង្កើនឥទ្ធិពលរបស់ខ្លួន និងធ្វើយោធូបនីយកម្ម នៅក្នុងសមុទ្រចិនខាងត្បូងនោះ  អូស្ត្រាលីក៏កំពុងតែព្យាយាមបង្កើនសមត្ថភាពយោធារបស់ខ្លួន រួមទាំង ប្រព័ន្ធការពារដែនអាកាស និងដែនទឹក ដើម្បីការពារប្រទេស និងទប់ទល់ពីការគំរាមកំហែងណាមួយពីសត្រូវ។​

ជាមួយគ្នានេះ លោក ស្កត់ ម៉ូរីសុន (Scott Morrison) នាយករដ្ឋមន្រ្ដីអូស្រ្ដាលី ធ្លាប់​លើកឡើងថា អូស្ត្រាលី នឹងទទួលបានមីស៊ីលគ្រូស ថូម៉ាហក (Tomahawk) ជាប្រភេទមីស៊ីលចង្អុលបង្ហាញទិស និងបាញ់រយៈចម្ងាយឆ្ងាយ នៅក្នុងពេលឆាប់ៗនេះ៕