រដ្ឋធានីប៉េកាំង៖ បន្ទាប់ពី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្ដាលី បានប្រកាសពី​កិច្ចព្រមព្រៀងថ្មី លើវិស័យការពារជាតិ ហៅកាត់ ​Aukus កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នោះភ្លាម ចិន​បានចេញមុខមកថ្កោលទោសដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្ត ដោយចាត់ទុក​កិច្ចព្រមព្រៀង គ្មានការទទួលខុសត្រូវ និង មានគំនិតចង្អៀតចង្អល់បំផុត ហើយធ្វើឲ្យការប្រកួតប្រជែងខាងគ្រឿងសព្វាវុធ កាន់តែខ្លាំងក្លាឡើង រហូតនាំឲ្យមានអស្ថិរភាព នៅក្នុងតំបន់ និងពិភពលោក។

សារព័ត៌មាន BBC ចេញផ្សាយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ថា រដ្ឋាភិបាលទីក្រុងប៉េកាំង​បានរិះគន់ដល់កិច្ចព្រមព្រៀងសន្ដិសុខជាប្រវត្ដិសាស្រ្ដ រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្ដាលីយ៉ាងខ្លាំង។ ចិនបានចាត់ទុកកិច្ចព្រមព្រៀងនេះ ជាការមិនទទួលខុសត្រូវ​ និង មានគំនិ​ចង្អៀតចង្អល់ ហួសហេតុ។

លោក Zhao Lijian អ្នកនាំពាក្យ ក្រសួងការបរទេសចិន  បានថ្លែងថា សម្ព័ន្ធភាពនេះ បានប្រថុយប្រថាន ចំពោះការបំផ្លិចបំផ្លាញដល់សន្តិភាព …នៅក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ ហើយបង្កើនការប្រកួតប្រជែងគ្រឿងសព្វាវុធ កាន់តែខ្លាំងឡើងបន្ថែមទៀត។​ ជាមួយគ្នានេះ លោក Zhao Lijian ក៏បានរិះគន់ ចំពោះអ្វី​គាត់ហៅថា «សង្រ្គាមត្រជាក់ គឺជាគំនិតហួសសម័យហើយ​​…»​ ហើយគាត់បានព្រមានថា ប្រទេសទាំងបីនេះ កំពុងតែធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញទេ»​។

បើតាមកិច្ចព្រមព្រៀងសន្ដិសុខ (Aukus) នេះ សហរដ្ឋអាមេរិក និង អង់គ្លេស អាចផ្ដល់នូវបច្ចេវិទ្យារបស់ពួកគេ ជួយស្ថាបនានាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ជាច្រើនគ្រឿង ជាលើកដំបូង ដល់កងទ័ពជើងទឹករបស់អូស្រ្ដាលី។​ ការបង្កើតកិច្ចព្រមព្រៀង Aukus នេះ បានកើតឡើង ក្រោយពេលចិនកំពុងតែបង្កើនវត្ដមានយោធារបស់ខ្លួន នៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលមានទំហំ ៣,៥លានគីឡូម៉ែត្រការ៉េ សម្បូរទៅដោយធនធានធម្មជាតិចម្រុះ។

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្ដាលី បានបង្កើន Aukus នេះ គឺ​ជា​​កិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិន ដែលកំពុងតែកើតមានឡើង នៅក្នុងសមុទ្រចិនខាងត្បូង​ និង នៅក្នុងតំបន់។ ការប្រ​ជែងកាន់កាប់សមុទ្រចិនខាងត្បូង រវាង​ចិន និងមហាអំណាចលោកខាងលិច រួមមាន សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងសម្ពន្ធមិត្តដទៃទៀត បាន និង កំពុងតែធ្វើឲ្យតំបន់នេះ ក្លាយជាចំណុចក្ដៅ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ហើយនៅតែបន្ដតានតឹង កាន់តែខ្លាំងឡើងបន្ថែមទៀត៕