បរទេស៖ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក និង ម៉ិកស៊ីក នៅតែបន្ដផ្ទុះការស្លាប់ដោយកូវីដ-១៩ ប្រចាំថ្ងៃច្រើនជាងបណ្ដាប្រទេសផ្សេងៗ នៅលើពិភពលោក។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា សហរដ្ឋអាមេរិក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី  ១៤៨ ៨៨០នាក់ និង មានករណីស្លាប់ថ្មី ១ ៨៥៩នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩សរុប ជាង៤២,៦៣លាននាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់ ៦៨៨ ៤៧៥នាក់ និង មានអ្នកជាសះស្បើយ ជាង៣២,៣៤លាននាក់។ ដោយឡែក អ្នកជំងឺកូវីដជាង៩,៥លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ២៥ ២០៤នាក់។

ម៉ិកស៊ីក ជាងប្រទេសរងគ្រោះខ្លាំង ដោយសារកូវីដ-១៩ លំដាប់ទី១៥ នៅលើពិភពលោក តែសម្រាប់ថ្ងៃនេះ ម៉ិកស៊ិក មានករណីស្លាប់ប្រចាំថ្ងៃច្រើន បន្ទាប់ពីសហរដ្ឋអាមេរិក ដោយមានអ្នកបាត់បង់ជីវិត ៨៩៧នាក់ និង មានករណីឆ្លងថ្មី ១៣ ២១៧នាក់។ ម៉ិកស៊ិក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៣,៥លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ២៦៩ ៩១៣នាក់ និងមានអ្នកជាសះស្បើយជាង២,៨៨លាននាក់។​

នៅលើពិភពលោក ប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ិល អង់គ្លេស រុស្ស៊ី បារាំង តួកគី អ៊ីរ៉ង់ អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ អ៊ីតាលី ឥណ្ឌូនេស៊ី អាល្លឺម៉ង់ ម៉ិកស៊ិក…ជាដើម៕