ខេត្តកំពង់ឆ្នាំង៖ នារីម្នាក់បានគិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួនចោលកូនតូចទើបតែមានអាយុ៣ខែ ឲ្យនៅកំព្រាម្ដាយ ព្រោះតែតូចចិត្តនឹងប្ដីបានសុំលែងលះគ្នា។ ករណីអត្តឃាតនេះ បានកើតឡើងកាលពី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីប្ដីរបស់នារីរងគ្រោះបានសុំលែងលះគ្នាផ្តាច់និស្ស័យជាប្រពន្ធប្តីមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែនារីរងគ្រោះឈឺចិត្តស្អិតទ្រូង រហូតគិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួនឯងចោលកូនម្នាក់ ដែលទើបតែមាន៣ខែប៉ុណ្ណោះឱ្យនៅកំព្រាទាំងឪពុកនិងម្ដាយ។ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានចងខ្សែហ៊ុព័ទ្ធ រួចទាក់ទងទៅលោកគ្រូពេទ្យឱ្យចុះមកយកសំណាកនារីរងគ្រោះទៅធ្វើតេស្តរកជំងឺកូវីដ ។ លុះលទ្ធផលអវិជ្ជាមាន សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕