រដ្ឋធានីប៉េកាំង៖ គ្រោះរញ្ជួយដី មានកម្លាំង៦រ៉ិចទ័រ បានវាយប្រហារលើសង្កាត់លូសៀន (Luxian) ​ទីក្រុង លូចូវ (Luzhou) ខេត្តស៊ីឈួន (Sichuan) នាភាគនិរតី ប្រទេសចិន បណ្ដាលឲ្យមនុស្ស៣បាត់បង់ជីវិត និង ជាង៦០នាក់ផ្សេងទៀតរងរបួស។​

បើតាមសារព័ត៌មាន​ Al Jazeera  ​បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកញ្ញា ឆ្នាំ២០២១) ថា យ៉ាងហោចណាស់មានមនុស្ស៣នាក់ បាន​​ស្លាប់ និងជាង៦០នាក់ផ្សេងទៀតរងរបួស នៅក្នុងគ្រោះរញ្ជួយដី នៅខេស៊ីឈួន (Sichuan)  ប្រទេសចិន។ ការរញ្ជួយដីនេះ បានកើតឡើង នៅវេលាម៉ោង៤ និង៣០នាទីព្រឹក (វេលាក្នុងតំបន់) ថ្ងៃទី១៦ ខែកញ្ញា  សង្កាត់​ Luxian មានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ភាគនិរតី នៃទីក្រុង Chongqing ដែលមានប្រជាជនរស់នៅ៣០លាននាក់។​

អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ថា អ្នកស្លាប់ និងរងរបួស ត្រូវបានរាយការណ៍ថា នៅភូមិកាវប៉ាវ (Caoba) ឃុំ ហ្វូជី (Fuji) នៃសង្កាត់ Luxian របស់ទីក្រុង Luzhou ក្នុងខេត្ត Sichuan ភាគនិរតីប្រទេសចិន។ បើតាមមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីចិន គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ០៤៖៣៣នាទីព្រឹកថ្ងៃព្រហស្បត៍នេះ ពីក្នុងជម្រៅដី ១០គីឡូម៉ែត្រ។

អាជ្ញាធរខេត្តស៊ីឈួន បានបញ្ជាក់ថា លំនៅឋានរបស់ប្រជាជន សរុប៧៣៧ខ្នង បានដួលរលំទាំងស្រុង, ​៧២ខ្នងរងការខូចខាតធ្ងន់ធ្ងរ និង ៧ ២៩០ខ្នងផ្សេងទៀត រងការខូចខាតបន្តិចបន្តួច។ ដោយឡែក ប្រជាជនជាង ៦ ៩០០នាក់ ត្រូវបានសម្រេចឲ្យផ្លាស់ប្តូរទីលំនៅ និងជាង ១០ ០០០នាក់ ត្រូវដាក់ឲ្យស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន។

ជាមួយគ្នានេះ ក្រុមសង្គ្រោះគ្រោះមហន្តរាយរញ្ជួយដី​ចិន នៅថ្ងៃទី១៦ ខែកញ្ញា បានបញ្ជូនកម្លាំងសង្គ្រោះ៨៩០នាក់ ចូលទៅចាត់ចែងការងារ នៅកន្លែងកើតហេតុ ខណៈ ៤ ៦០០នាក់​ផ្សេងទៀត ត្រូវបានបញ្ជាឲ្យត្រៀមខ្លួន សម្រាប់ចេញប្រតិបត្តិការ នៅក្នុងករណីបន្ទាន់៕