រាជធានីកង់បេរ៉ា (Canberra)៖ ដោយសារតែចិន ចេះតែបង្កើនវត្ដមានយោធា កាន់តែខ្លាំងឡើង នៅក្នុងសមុទ្រចិនខាងត្បូង ធ្វើឲ្យអូស្រ្ដាលី និងសម្ពន្ធមិត្តរបស់ខ្លួន មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ហើយសម្រេចចំណាយថវិកាជាតិ រាប់សិប​ពាន់លាន កសាងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ចំនួន១២គ្រឿង សម្រាប់ទប់ទល់នឹងសកម្មភាពរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។​

សារព័ត៌មាន The Age បានចេញផ្សាយ នៅព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ថា អូស្រ្តាលី បានចុះកិច្ចព្រមព្រៀងថ្មីមួយជាមួយនឹងសហរដ្ឋអាមេរិក និង អង់គ្លេស ​ហៅថា « Aukus» ដោយផ្ដោតទៅលើការចែករំលែកបច្ចេកវិទ្យា លើវិស័យការពារជាតិ។ បើតាមកិច្ចព្រមព្រៀង Aukus នេះ ជួយឲ្យអូស្រ្ដាលី មានលទ្ធភាពកសាងនាវា​​មុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ រហូតដល់១២គ្រឿង។

ក្រោមសម្ព័ន្ធភាពយោធា​ ជាប្រវត្តិសាស្ត្រថ្មីជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស  អូស្រ្ដាលីក៏នឹង​បោះបង់ចោលនូវកិច្ចព្រមព្រៀងកសាងនាវាមុជទឹក នាពេលអនាគត ដែលមានទឹកប្រាក់៩០ពាន់លានដុល្លារជាមួយបារាំង​ផងដែរ។ ប៉ុន្ដែការសម្រេចចិត្តរបស់រដ្ឋាភិបាលកង់បេរ៉ា​ បានធ្វើ​​ឱ្យរដ្ឋាភិបាលបារាំង ខឹងសម្បាយ៉ាងខ្លាំង ហើយ​បានចោទប្រកាន់​ថា ​ធ្វើប្រតិបត្តិការ «ផ្ទុយពីលិខិត និងស្មារតី នៃកិច្ចសហប្រតិបត្តិការដ៏មានឥទ្ធិពល រវាងបារាំង និងអូស្ត្រាលី» ។

បើតាម Aukus នេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស​ ព្រមព្រៀងចែករំលែកបច្ចេកវិទ្យាផលិតនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែររបស់ពួកគេ ជាលើកដំបូងដល់អូស្រ្ដាលី បន្ថែមទៀត។ បច្ចុបន្ន ប្រទេស​ទាំង៣នេះ បានសម្លឹងមើលគម្រោងការណ៍ដ៏មានឥទ្ធិពល នៅក្នុងតំបន់ ចំពេលចិនកំពុងតែធ្វើយោធូបនីយកម្មរបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង។​

លោក ស្កត់ត៍ ម៉ូរីសុន ​( Scott Morrison) នាយករដ្ឋមន្រ្ដីអូស្ដ្រាលី បានថ្លែង នៅព្រឹក ថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកញ្ញា ឆ្នាំ២០២១) ថា កងនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរថ្មីនេះ នឹងត្រូវកសាងឡើង នៅទីក្រុង Adelaide ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី ក៏បានធានាដល់ពលរដ្ឋអូស្ត្រាលីថា រដ្ឋាភិបាល «នឹងមិនស្វះស្វែងរកការបង្កើតអាវុធនុយក្លេអ៊ែរ ឬការបង្កើតសមត្ថភាពនុយក្លេអ៊ែរស៊ីវិលនោះដែរ»​៕