រដ្ឋធានីវ៉ាស៊ីនតោន៖  ដោយសារតែចិនកំពុងតែបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់ ហើយវាតទីយកសមុទ្រចិនខាងត្បូង និង សមុទ្រចិនខាងកើត នោះ ធ្វើឲ្យមហាអំណាចលោកខាងលិច និងសម្ពន្ធមិត្តអូស្រ្ដាលី មិនអាចនៅសុខបាន ហើយបានប្រកាសកិច្ចព្រមព្រៀងពិសេសមួយ ស្ដីពីសន្ដិសុខ ដើម្បីចែករំលែក អំពីបច្ចេកវិទ្យាការពារជាតិ ដើម្បីប្រឆាំងនឹងមហាយក្ស នៅអាស៊ី។

សារព័ត៌មាន BBC បានផ្សាយ នៅព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្ដាលី បានប្រកាសពីកិច្ចព្រមព្រៀងពិសេសមួយ ស្ដីពីសន្ដិសុខ ដើម្បីចែករំលែកពីបច្ចេកវិទ្យាលើវិស័យការពារជាតិដ៏ទំនើបបំផុត សម្រាប់ប្រឈមមុខនឹងប្រទេសចិន។​ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក និងចក្រអង់គ្លេស នឹងជួយ​ផលិតនាវាមុជទឹកជាច្រើនគ្រឿង ដើរដោយថាមពលនុយក្លេអ៊ែរ ជាលើកដំបូងដល់ប្រទេសអូស្រ្ដាលី។ កិច្ចព្រមព្រៀមនោះត្រូវដាក់ឈ្មោះ Aukus នឹងគ្របដណ្ដប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ដ បច្ចេកវិទ្យា Quantum  និង អ៊ីនធើរណេតផងដែរ។​

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អូស្រ្ដាលី បច្ចុប្បន្ន កំពុងតែព្រួយបារម្ភ អំពីការកើនឡើងអំណាច និង វត្ដមានយោធារបស់ចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។​ បើតាមកិច្ចព្រមព្រៀងនេះ ធ្វើឲ្យអូស្រ្ដាលី លុបចោលកិច្ចព្រមព្រៀងផលិតនាវាមុជទឹក ដែលរចនា (ឌីហ្សាញ) ដោយបារាំង។​

បារាំង​ កាលពីឆ្នាំ២០១៦ បានឈ្នះ​ការដេញថ្លៃ លើកិច្ចព្រមព្រៀងមួយ មានទឹកប្រាក់ រហូដល់ទៅ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីផលិតនាវាមុជទឹក ចំនួន១២គ្រឿង សម្រាប់កងទ័ពជើងទឹករបស់អូស្រ្ដាលី។ នេះជាកិច្ចព្រមព្រៀងលើវិស័យការពារជាតិដ៏ធំបំផុតរបស់អូស្រ្ដាលី។​  ទោះយ៉ាងណាក៏ដោយ គម្រោងនេះត្រូវបានរងផលប៉ះពាល់ ដោយសារការពន្យារពេល ហើយភាគច្រើន ដោយសារតែតម្រូវការរបស់រដ្ឋាភិបាលទីក្រុងកង់បេរ៉ា។​

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បូរីស ចនសុន ( Boris Johnson) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស និង លោក ស្កត់ត៍ ម៉ូររីសសុន (Scott Morrison) នាយករដ្ឋមន្រ្ដីអូស្រ្ដាលី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១  បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ស្ដីកិច្ចព្រមព្រៀតដៃគូសន្ដិសុខថ្មី ដែលឲ្យឈ្មោះ Aukus នេះ។​

នៅក្នុងសេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ថា «​តាមគំនិតផ្តួចផ្តើមដំបូង ក្រោមការកិច្ចព្រមព្រៀង Aukus …យើងប្តេជ្ញាចិត្ត ក្នុងមហិច្ឆតារួមគ្នា ដើម្បីគាំទ្រដល់ប្រទេសអូស្ត្រាលី ក្នុងការទិញនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ សម្រាប់កងនាវាចរភូមិន្ទអូស្ត្រាលី។ សមត្ថភាព នៃកិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ដល់ស្ថិរភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ( Indo-Pacific) ហើយនឹងពង្រីកនូវការគាំទ្រដល់តម្លៃ និងផលប្រយោជន៍រួមគ្នារបស់យើងផងដែរ»។​

មេដឹកនាំប្រទេសមហាអំណាចលោកខាងលិច បានបញ្ជាក់ថា «គោលបំណងនេះ ដើម្បី​នាំយកសមត្ថភាពអូស្រ្តាលី ឲ្យកាន់តែខ្លាំងក្លាលើវិស័យយោធាមុនគេ ប៉ុន្ដែ​អូស្ត្រាលី នៅតែប្តេជ្ញាចិត្ត បំពេញកាតព្វកិច្ចទាំងអស់ នៅក្នុងនាមជារដ្ឋគ្មានអាវុធនុយក្លេអ៊ែរ»។

លោក បូរីស ចនសុន នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានថ្លែងថា «ប្រជាជាតិទាំង២នេះ ជាសម្ពន្ធមិត្តដើម ហើយសម្ពន្ធមិត្តនេះនឹងកាន់តែធ្វើឲ្យយើងកាន់តែជិតស្និទ្ធជាងមុនបន្ថែមទៀត។  ដៃគូទាំងនេះ នឹងមានសារសំខាន់កាន់តែខ្លាំងឡើង ដើម្បីការពារផលប្រយោជន៍  និង ប្រជាពលរដ្ឋរបស់យើង»។​​

រហូតមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានអះអាងថា សមុទ្រចិនខាងត្បូង ដែលមានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ គឺជាង៨០ភាគរយ ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ចិន។ ជាមួយនឹងការអះអាងបែបនេះ ចិនតែងតែបង្កើនវត្ដមានកងទ័ព នៅក្នុងសមុទ្រចិនខាងត្បូង បង្កឲ្យមានជម្លោះជាមួយនឹងប្រទេសវៀតណាម ហ្វីលីពីន ប៊្រុយណេ ម៉ាឡេស៊ី និងតៃវ៉ាន់។  ជាការប្រឆាំងនឹងការអះអាងរបស់ចិននោះ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត តែងតែបញ្ជូននាវាផ្ទុកយន្ដហោះ អមដោយនាវាពិឃាដ និងនាវាប្រយុទ្ធជាច្រើនគ្រឿង ចូលមកល្បាត នៅក្នុងដែនទឹកមានជម្លោះនោះ ក្រោមហេតុផលថា ជាសេរីភាព នៃការធ្វើនាវាចរណ៍ ស្របតាមច្បាប់អន្ដរជាតិ។

ជាមួយគ្នានេះ នាវាផ្ទុកយន្ដហោះរបស់ចក្រភពអង់គ្លេស HMS Queen Elizabeth កាលពីប៉ុន្មានសប្ដាហ៍មុននេះ បានមកដាក់ពង្រាយ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ​សកម្មភាពយោធារបស់មហាអំណាចលោកខាងលិច ប្រឆាំងនឹងការវាតទីរបស់ចិននេះ នឹងធ្វើឲ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្លាយជាតំបន់មួយ អាចផ្ទុះ​នូវជម្លោះកាន់តែខ្លាំងក្លាឡើង៕​