បរទេស៖ រហូតមកដល់វេលានេះ ស្ថានការណ៍កូវីដ-១៩ តាមបណ្ដាប្រទេសផ្សេងៗ នៅលើពិភពលោក ហាក់មានការថយចុះបន្ដិច ប៉ុន្ដែសម្រាប់សហរដ្ឋអាមេរិក នៅតែធ្ងន់ធ្ងរ ដោយមានរកឃើញករណីឆ្លងថ្មីជាង ១៥០ ០០០នាក់ និង មានករណីស្លាប់ថ្មី ជាង២០០០នាក់។

បើតាមតួលេខ​ចេញផ្សាយ ដោយ គេហទំព័រ Worldometer កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា បានឲ្យដឹងថា នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ៥៤៥ ១០២នាក់ និងមានករណីស្លាប់ថ្មី ៩ ៨៥៩នាក់។ គិតត្រឹមវេលាខាងលើ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩សរុប ជាង ២២៧,១៩លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ជាង៤,៦លាននាក់ និង មានអ្នកជាសះស្បើយជាង២០៣,៨៩លាននាក់។ ដោយឡែកអ្នកជំងឺចំនួន១៨,៦៣លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

សហរដ្ឋអាមេរិក រកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១៥៤ ៣៥៦នាក់ និង មានករណីស្លាប់ថ្មី ២ ១៥៣នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩សរុប ជាង៤២,៤៦លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៦៨៤ ៨៣៩នាក់ និង មានអ្នកជាសះស្បើយជាង៣២លាននាក់ ហើយអ្នកជំងឺចំនួនជាង៩,៥លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

ឥណ្ឌា ជាប្រទេសរងគ្រោះខ្លាំងដោយកូវីដ-១៩លំដាប់លេខ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក រកឃើញករណីឆ្លងថ្មី ករណីឆ្លងថ្មី ជាង៣០ ៣០០នាក់ និង មានករណីស្លាប់ថ្មី ៤៣២នាក់។ ឥណ្ឌាមានអ្នកឆ្លងកូវីដសរុបជាង៣៣,៣លាននាក់ ហើយក្នុងនោះស្លាប់ជាង៤៤៣ ០០០នាក់ និង មានអ្នកជាសះស្បើយជាង៣២,៥លាននាក់។

ចក្រភពអង់គ្លេស ជាប្រទេសល្បីល្បាញមួយខាងផលិតវ៉ាក់សាំង នៅតែមានអ្នកឆ្លងកូវីដ-១៩ថ្មី ជាង៣០ ៥០០នាក់ និង មានករណីស្លាប់ថ្មី ២០១នាក់។ ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ សរុប ជាង៧,៣លាននាក់ ហើយក្នុងនោះស្លាប់ ១៣៤ ៦៤៧នាក់ និង មានអ្នកជាសះស្បើយ ជាង៥,៨លាននាក់។ ប្រទេសនេះឈរក្នុងលំដាប់លេខ៤ នៃប្រទេសមានអ្នកឆ្លងកូវីដច្រើននៅលើពិភពលោក។

ដោយឡែក ម៉ិកស៊ីក ជាប្រទេសរងគ្រោះដោយកូវីដ-១៩លំដាប់លេខ១៥ ប៉ុន្ដែសម្រាប់ថ្ងៃនេះ ម៉ិកស៊ីក មានអ្នកស្លាបថ្មី រហូតដល់១ ០៤៦នាក់ និងមានករណីឆ្លងថ្មី ១២ ៩២៩នាក់។ ប្រទេសអាមេរិកខាងជើងមួយនេះ មានអ្នកឆ្លងសរុបជាង ៣,៥លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ២៦៩ ០១៥នាក់ ហិងមានអ្នកជាសះស្បើយ ជាង២,៨លាននាក់។​

ផ្ទុយទៅវិញ ចិនជាប្រភពពដើម នៃវីរុសកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ៧៣នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ប្រទេសមហាយក្ស នៅអាស៊ី ដែលមានប្រជាជន រហូតដល់ទៅជាង១ ៤០០លាននាក់មួយនេះ មានអ្នកឆ្លងកូវីដ សរុប ៩៥ ៤១៣នាក់ ហើយក្នុងនោះ មានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៨៩ ៩៤០នាក់៕​