រដ្ឋធានីវ៉ាស៊ីនតោន៖ យន្ដហោះទម្លាក់គ្រាប់បែកបំបាំងកាយដ៏ទំនើប និងមានតម្លៃថ្លៃបំផុត នៅលើពិភពលោករបស់សហរដ្ឋអាមេរិក បានបង្ខំចិត្តចុះចតបន្ទាន់ ដោយសារមានបញ្ហាខុសប្រក្រតី នៅក្នុងអំឡុងពេលហោះហើរ ហើយអាកាសយានិក នៅក្នុងយន្ដហោះនោះ ​មិនបានរងគ្រោះថ្នាក់​នោះឡើយ។

សារព័ត៌មានរុស្ស៊ី Sputnik​ បានចេញផ្សាយ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ថា បើតាមកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក បានថ្លែង កាលពីថ្ងៃអង្គារ (ទី១៤ ខែកញ្ញា) ថា យន្ដហោះទម្លាក់គ្រាប់បែកបំបាំងកាយដ៏ទំនើប B-2 Spirit​ បានហោះហើរ ប្រតិបត្ដិការហ្វឹកហ្វឺន តាមធម្មតា។ ប៉ុន្ដែនៅក្នុងអំឡុងពេលហោះហើរនោះ យន្ដហោះ​មានបញ្ហា ហើយត្រូវបង្ខំចិត្តចុះចតបន្ទាន់ ហើយយន្ដបានរងរកការខូចខាតផ្នែកមួយចំនួន។​​

មន្រ្ដី​ទ័ពអាកាសអាមេរិក បានបញ្ជាក់ថា យន្ដហោះទម្លាក់គ្រាប់ B-2 Spirit នោះ បានចុះចតជាបន្ទាន់ នៅក្នុងអាកាសយានដ្ឋានទ័ពអាកាសអាមេរិក  Whiteman ស្ថិតក្នុងរដ្ឋ​Missouri ។ ប៉ុន្ដែមន្រ្ដីយោធា​អាមេរិក មិនបានបញ្ជាក់លម្អិត អំពីមូលហេតុ បង្ខំឱ្យយន្ដហោះទម្លាក់គ្រាប់ B-2 នេះចុះចតនោះដែរ។ ដោយឡែក ទំហំ នៃការខូចខាត ក៏មន្រ្ដីយោធាអាមេរិក មិនបានប្រាប់ដែរ ដោយ​​គ្រាន់តែប្រាប់ថា គ្មានអាកាសយានិក​ណាម្នាក់ នៅក្នុងយន្ដហោះនោះរងគ្រោះថ្នាក់នោះឡើយ៕​