ខេត្តបាត់ដំបង៖ អាជ្ញាធរស្រុកកំរៀង និងកុ្រមគ្រូពេទ្យ បានជូនដំណឹងដល់ប្រជាពលរដ្ឋ និងអាជីវករដែលពាក់ព័ន្ធផ្សារខេអឌី (KRD) ត្រូវប្រញាប់មកយកសំណាក រកមេរោគកូវីដ១៩ ឱ្យមានលឿន ដើម្បីបញ្ចៀសការឆ្លងចូលសហគមន៍កាន់តែច្រើនថែមទៀត។លោកសុខ គឹមខុនអភិបាល ស្រុកកំរៀង បានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃ ទី១៤ខែកញ្ញា តួលេខអ្នកពាក់ព័ន្ធនឹងផ្សារខេអឌី មានអ្នកឆ្លងកើនឡើងដល់ ៤០៧នាក់ ក្នុងនោះស្រ្តី២៣២នាក់ ក្នុងចំណោមអ្នកមកយកសំណាកចំនួន ១១៧៦នាក់ ស្រ្តី៦៣៩ នាក់ ។ ពេលនេះ អាជ្ញាធរនិងមន្រ្តីសុខាភិបាលកំពុងបន្ត យកសំណាកលើអ្នកពាក់ព័ន្ធបន្ថែមទៀត ខណៈដែលប្រជាពលរដ្ឋខ្លះកំពុងសម្ងំនៅក្នុងផ្ទះ មិនព្រមចេញមកយកសំណាក ។លោកអភិបាលស្រុកកំរៀង បញ្ជាក់ថា មូលហេតុដែលមានការផ្ទុះជំងឺកូវីដ១៩ ក្នុងផ្សារKRD ក្នុងភូមិអូដារលើ ស្រុកកំរៀង និងរាលដាលដល់ភូមិទាំងមូលនេះ ដោយសារតែប្រជាពលរដ្ឋម្នាក់បានចូលទៅទិញទំនិញនៅទឹកដីថៃ យកមកលក់នៅផ្សារKRD នេះរហូត ដល់ថ្ងៃទី០៧ ខែកញ្ញា គាត់មានអាការខុសធម្មតា ក៏ពិនិត្យសំណាកឃើញមានកូវីដ១៩ និង ក្រោយមករកឃើញ ប្រជាពលរដ្ឋម្នាក់ទៀតដែលទៅទិញទំនិញនៅផ្សារថៃដែរ មានវិជ្ជមានកូវីដ១៩ ដែរ ។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥៣នាក់។ អ្នកជំងឺចំនួន៤៦៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៩នាក់។ បើគិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១០១ ៤៤៣នាក់។ អ្នកជាសះស្បើយសរុបចំនួន ៩៥ ៣៦៧នាក់ និងអ្នកស្លាប់សរុបចំនួន២ ០៦៧នាក់៕