ថៃ៖ កាលពីពេលថ្មីៗនេះនៅប្រទេសថៃ មានរឿងដល់នឹកស្មានមិនដល់ក្មេងស្រីអាយុ១៧ឆ្នំា ម្នាក់ រៀនថ្នាក់ទី១២ បានរកស៊ីលក់អនឡាញខាតឡុងចុងអស់ប្រាក់ជាង ១ ៦០០ដុល្លារ រួចនាងក៏សម្រេចចិត្តកាន់កាំបិតចេញប្លន់ហាងមាសមួយនៅក្នុងផ្សារទំនើប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BangkokPost។

ហេតុការណ៌ខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងផ្សារទំនើប Big C សាខា Rattanathibet​ ស្ថិតនៅក្នុងខេត្ត Nonthaburi ប្រទេសថៃ។

យោងទៅតាមការរៀបរាប់របស់ក្មេងស្រីដែលជាជនដៃដល់ បានសារភាពឲ្យដឹងថា កាលពីរសៀលថ្ងៃអាទិត្យ នោះនាងស្ថិតនៅក្នុងសភាពស្មុគស្មាញយ៉ាងខ្លាំង ដែលអាចនិយាយបានថាស្ថិតនៅក្នុងផ្លូវទាល់ច្រក ស្រាប់តែអង្គុយសុខៗនាងក៏នឹកឃើញវិធីចេញប្លន់ទូរមាស ដើម្បីយកប្រាក់មកស្រោចស្រង់អាជីវកម្មលក់អនឡាញខ្នាតតូចរបស់នាងវិញ រួមមួយសន្ទុះក្រោយមកនាងក៏បានជិះឡានឈ្នួលសំដៅទៅផ្សារBig C សាខា Rattanathibet​ ដើម្បីធ្វើការប្លន់មាស។

លុះពេលទៅដល់នាងក៏បានដើរមកប្លន់មាស នៅក្នុងហាងមួយដោយនៅក្នុងដៃរបស់នាងក៏មានកាន់កំាបិត នឹងសរសេរសំបុត្រហុចឲ្យអ្នកលក់ថា៖ «យកលុយនឹងមាស ដាក់ក្នុងថង់មក ជីវិតជារបស់អ្នកកុំស្រែកឲ្យសោះ យើងគ្មានអីដែលត្រូវសម្លាប់គ្នា!»។

ភ្លាមៗនោះក្រោយម្ចាស់ហាងបានហុចកាបូបដែលមានគ្រឿងអលង្ការយ៉ាងច្រើនសន្ធឹកសន្ធាប់នាងក៏បានរត់គេចខ្លួនយ៉ាងប្រញាប់ ប៉ុន្តែមិនរង់ចាំម្ចាស់ហាងក៏បានស្រែកឆោឡោស្រែកឲ្យសន្ដិសុខជួយ ហើយភ្លាមៗនោះប៉ូលីសម្នាក់ដែលកំពុងល្បាតនៅឯផ្សារ ក៏បានរត់សំដៅទៅចាប់នាងបានសម្រេច។

របាយការណ៌ប៉ូលីសបានឲ្យដឹងថា ក្មេងស្រីនេះបានប្លន់យកទៅខ្សែកមាសចំនួន៤៨ខ្សែ ចិញ្ចៀនមាស២វង់ ដែលតម្លៃគ្រឿងអលង្ការទាំងអស់នេះមានតម្លៃ៤០០ ០០០បាត។ ដែលគ្រឿងអលង្ការមានតម្លៃទាំងអស់នោះត្រូវបានប្រគល់ឲ្យម្ចាស់ហាងវិញយ៉ាងជោគជ័យ។

ចំណែកឯក្មេងស្រីនោះត្រូវបានប៉ូលីសសម្រេចបញ្ជូនទៅប៉ុស្ដិ៌ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕