រដ្ឋធានីហាណូយ៖ ចាប់តាំងពីការផ្ទុះឡើង នៃជំងឺកូវីដ-១៩ នៅក្នុងទីក្រុងហូជីមីញ (​ខ្មែរយើងហៅទីក្រុងព្រៃនគរ) កាលពីចុងខែមេសា រហូតមកដល់ខែកញ្ញា ឆ្នាំ២០២១ មានសិស្ស ចំនួន ១ ៥១៧នាក់ ដោយរួមទាំងសិស្សសាលាបឋមសិក្សា ចំនួន៥០០នាក់ផង ក្លាយជាក្មេងកំព្រាឪពុកម្ដាយ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

បើតាមសារព័ត៌មានវៀតណាម (Vietnam Net) បានចេញផ្សាយ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ថា ចាប់តាំងពីចុងខែមេសា រហូតមកដល់ខែកញ្ញា ឆ្នាំ២០២១ ក្រោយការផ្ទុះឡើងនូវរោគរាតត្បាត បង្កឡើងដោយជំងឺកូវីដ-១៩ បានធ្វើឲ្យសិស្ស ចំនួន ១ ៥១៧នាក់ រស់នៅក្នុងទីក្រុងហូជីមិញ ក្លាយជាក្មេងកំព្រា។ ឪពុកម្ដាយរបស់ពួកគេ បានស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្នុងចំណោមសិស្សទាំងជាង ១ ៥០០នាក់នោះ រួមមាន​ សិស្សថ្នាក់បឋមជាង ៤៩០នាក់  សិស្សថ្នាក់អនុវិទ្យាល័យ ៥៨០នាក់ ហើយអ្នកដែលនៅសល់ ជាសិស្សវិទ្យាល័យ និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។​ ចំណែកខណ្ឌ Binh Thanh, Binh Tan, Hoc Mon  និងខណ្ឌ៨ទៀត មានសិស្សកំព្រាដោយសារកូវីដនេះច្រើនជាងគេ។

មន្ទីរអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈទីក្រុងហូជីមិញ បានឲ្យដឹងថា  ការរីករាលដាល នៃជំងឺកូវីដ-១៩ បណ្ដាលឲ្យមានផលវិបាកយ៉ាងធ្ងន់ ប៉ះពាល់ដោយផ្ទាល់ដល់ជីវិត និងសុខភាពរបស់ប្រជាជន រួមទាំងគ្រូបង្រៀន និងសិស្ស នៅក្នុងទីក្រុងនេះ។  បើយោងតាមស្ថិតិចុងក្រោយ បង្ហាញថា មានសិស្ស ១០ ០៧៣នាក់ និង គ្រូបង្រៀន ៣ ៣៨៦នាក់បានឆ្លងកូវីដ-១៩ ហើយសិស្សសាលា ១ ៥១៧នាក់ ក្លាយជាក្មេងកំព្រា នៅក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩។

បើយោងតាម​មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចទីក្រុងហូជីមិញ បានឲ្យដឹងថា កុមារកំព្រាម្នាក់ៗ មាន​អាយុតិចជាង៤ឆ្នាំ នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៩០០.០០០ដុង(លុយវៀតណាម) ឬស្មើនឹង៣៩,៧៦ដុល្លារសហរដ្ឋអាមេរិក​​ ក្នុងមួយខែ។ រីឯ​កុមារកំព្រា មានអាយុ៤ឆ្នាំឡើងទៅ នឹងទទួលបានប្រាក់ឧបត្ថម្ភ ក្នុងម្នាក់ៗ ចំនួន ៥៤០.០០០ ដុង ឬស្មើនឹង២៣,៨៦ ក្នុងមួយខែ។​ ដោយឡែកកុមារ ដែលឆ្លងកូវីដ-១៩ នឹងទទួលបានប្រាក់ឧបត្ថម្ភ ក្នុងម្នាក់ៗ ចំនួន ១លានដុង ឬស្មើនឹង៤៤ដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីនេះ កុមារទាំងនោះ ក៏ទទួលបានការព្យាបាលដោយមិនគិតលុយ និងរបបអាហារ ក្នុង១ថ្ងៃ ចំនួន ៨០ ០០០ដុង ឬស្មើនឹង ៣,៥ដុល្លារ នៅក្នុងអំឡុងពេលព្យាបាល និង ធ្វើចត្ដាឡីស័ក៕​