រដ្ឋធានីកាប៊ូល៖ ក្រោយពេលផ្ដួលរំលំរដ្ឋាភិបាលគាំទ្រដោយមហាអំណាចលោកខាងលិចរបស់លោក Ashraf Ghani កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ហើយឈានដល់ការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន នៅលើទឹកដីអាហ្វហ្គានីស្ថាននោះមក ស្រាប់តែនៅពេលនេះ ក្រុមមេដឹកនាំតាលីបង់ បានចាប់ផ្ដើមកើតជម្លោះនឹងគ្នាយ៉ាងធំ នៅក្នុងវិមានប្រធានាធិបតី នៅក្នុងទីក្រុងកាប៊ូល។​

មន្រ្ដីជាន់ខ្ពស់តាលីបង់ បានប្រាប់ដល់សារព័ត៌មាន BBC ហើយយកមកចុះផ្សាយ នៅព្រឹក ថ្ងៃទី១៥ ខែកញ្ញាថា ជម្លោះដ៏ធំមួយ បានផ្ទុះឡើង រវាងមេដឹកនាំតាលីបង់ ជុំវិញការបង្កើតរដ្ឋាភិបាលថ្មីរបស់ពួកគេ នៅលើទឹកដីអាហ្វហ្គានីស្ថាន។​ ជម្លោះដ៏ធំនេះ បានកើតឡើង នៅក្នុងវិមានប្រធានាធិបតី នៅទីក្រុងកាប៊ូល  រវាង​ លោក អាល់ឡាហ៍ អាប់ឌុល ហ្គានី បារ៉ដារ (Mullah Abdul Ghani Baradar) សហស្ថាបនិកចលនាតាលីបង់ និង សមាជិកគណៈរដ្ឋមន្រ្ដីរបស់ពួកគេ។​

ទោះជាយ៉ាងណា ប្រភពព័ត៌មានមិនបានបញ្ជាក់អំពីការខ្វែងគំនិតគ្នា នៅក្នុងចំណោមមេដឹកនាំតាលីបង់នោះទេ ចាប់តាំងពីលោក  Baradar បានបាត់មុខពីសាធារណៈ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះឡើយ។​ តាលីបង់ បានរឹបអូសអំណាចពីរដ្ឋាភិបាលរបស់លោក Ashraf Ghani កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះមក ពួកគេបានប្រកាសដាក់ឈ្មោះប្រទេសអាហ្វហ្គានីស្ថាន ជា «អ៊ិស្លាម អ៊ីមេរ៉េត​» ។ ចំណែកគណៈរដ្ឋមន្រ្ដីបណ្ដោះអាសន្នរបស់ពួកគេ ក៏ត្រូវបានបង្កើតឡើង ដោយមានសុទ្ធតែបុរស និងជាមន្រ្ដីជាន់ខ្ពស់របស់តាលីបង់ ហើយនាយករដ្ឋមន្រ្ដីស្ដីទី នៃរដ្ឋាភិបាលនេះ ស្ថិតក្នុងបញ្ជីខ្មៅរបស់អង្គការសហប្រជាជាតិ ខណៈរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ត្រូវបានសហរដ្ឋអាមេរិក ចាត់ទុកជាមេដឹកនាំអង្គការភេរវកម្ម វាយប្រហារទៅលើកងកម្លាំងសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ។

ប្រភពព័ត៌មានពីមន្រ្ដីតាលីបង់ម្នាក់ បានប្រាប់ដល់ BBC Pashto ថា  លោក Mullah Abdul Ghani Baradar និងលោក ​Khalil ur-Rahman Haqqani ​ជារដ្ឋមន្ត្រីទទួលបន្ទុកជនភៀសខ្លួននិងឥស្សរជនលេចធ្លោម្នាក់ នៅក្នុងបណ្តាញភេរវកម្ម Haqqani បានទាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង ខណៈ​សមាជិក​របស់ពួកគេផ្សេងទៀត កំពុង​ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង នៅក្បែរនោះដែរ។​

បើតាមមន្រ្ដីជាន់ខ្ពស់តាលីបង់ម្នាក់ នៅក្នុងប្រទេសកាតារ និងជាមនុស្សពាក់ព័ន្ធនឹងរឿងនោះ បានអះអាងថា ជម្លោះនេះបានកើតឡើង កាលពីចុងសប្ដាហ៍មុន។​ ជម្លោះនេះ បានផ្ទុះឡើង ដោយសារតែលោក Mullah Abdul Ghani Baradar ជាឧបនាយករដ្ឋមន្រ្ដី នៃរបបតាលីបង់ មិនសប្បាយចិត្ត អំពីរចនាសម្ព័ន្ធ នៃរដ្ឋាភិបាលបណ្ដោះអាសន្នរបស់ពួកគេ។​ ចំណែកជម្លោះនេះ បានកើតចេញពីការបែកចែក អំពីអ្នកគួរទទួលបានកិត្តិយស សម្រាប់ជ័យជម្នះរបស់ពួកគេ នៅលើទឹកដីអាហ្វហ្គានីស្ថាន។

ដោយឡែកលោក ​ Mullah Abdul Ghani Baradar ត្រូវបានគេរាយការណ៍ថា ​ការសង្កត់ធ្ងន់គួរតែផ្តោតលើការទូត ដែលអនុវត្ត ដោយមនុស្សដូចគាត់ ខណៈ​សមាជិកក្រុមអង្គការភេរវករ Haqqani ដឹកនាំដោយឥស្សរជនតាលីបង់ជាន់ខ្ពស់ម្នាក់ និងអ្នកគាំទ្ររបស់ពួកគេ និយាយថា តាលីបង់ សម្រេចបានតាមរយៈការប្រយុទ្ធគ្នា។​ លោក Mullah Abdul Ghani ជាមេដឹកនាំតាលីបង់ដំបូង ទាក់ទងដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ។ លោក Mullah Abdul Ghani បានទាក់ទងតាមទូរស័ព្ទជាមួយនឹងលោក ដូណាល់ ត្រាំ នៅក្នអំឡុងឆ្នាំ២០២០។ ទំនាក់ទំនងនេះ មុនពេលគាត់បានចុះកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិក  ស្ដីពីការដកកងទ័ព  នៅក្នុងទីក្រុងដូហា ប្រទេសកាតារ ក្នុងនាមជាតាលីបង់។​

ជាមួយគ្នានេះ បណ្ដាញអង្គការភេរវករ ​ Haqqani ដ៏ឥទ្ធិពល ដឹកនាំដោយលោក Sirajuddin Haqqani  (រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ក្នុងរដ្ឋាភិបាលតាលីបង់បច្ចុប្បន្ន) បានចូលរួមវាយប្រហារភេរវកម្មនានា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប្រឆាំងនឹងកងកម្លាំងអាហ្វហ្គានីស្ថាន និងសម្ពន្ធមិត្តលោកខាងលិច ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ក្រុមនេះត្រូវបានសហរដ្ឋអាមេរិក ចាត់ទុកជាអង្គការភេរវករ៕