ខេត្តបាត់ដំបង៖ បុគ្គលិក របស់ក្រុមហ៊ុនទូរស័ព្ទស្មាត សាខានៅក្រុងបាត់ដំបង ត្រូវបានអាជ្ញាធរក្រុងបាត់ដំបង និងក្រុមគ្រូពេទ្យចុះយកសំណាកពិនិត្យ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ មានចំនួន៣នាក់។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានអ្នកកាសែតនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឲ្យដឹងថា បុគ្គលិករបស់ក្រុមហ៊ុនទូរស័ព្ទចល័តស្មាត (Smart) ដែលមានទីតាំងនៅជាប់ផ្លូវលេខ៣ កាច់ជ្រុងខាងលិច ខាងត្បូងផ្សារណាត់ ត្រូវបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៣រូប ។លោកអភិបាលក្រុងបញ្ជាក់ថា ចំពោះអ្នកទាំង៣ ត្រូវបានបញ្ជូនទៅព្យាបាលហើយ។ ដោយឡែកអ្នកដែលជាប់ពាក់ព័ន្ធត្រូវនៅបន្តធ្វើចត្តាឡីស័កក្នុងក្រុមហ៊ុនផ្ទាល់រយ:ពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥៧នាក់។ អ្នកជំងឺចំនួន ៥៧៨នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ៩នាក់។ បើគិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១០០ ៧៩០នាក់។ អ្នកជាសះស្បើយសរុបចំនួន ៩៤ ៩០៤នាក់ និងអ្នកស្លាប់សរុបចំនួន២ ០៥៨នាក់៕

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News